ក្រុមហាម៉ាស បាននិយាយកាលពីថ្ងៃចន្ទ (០២ ធ្នូ) ថា ចំណាប់ថ្នូរ ៣៣នាក់ នៅក្នុងតំបន់ហ្កាហ្សា ត្រូវបានសម្លាប់ក្នុងអំឡុងពេលសង្រ្គាមជិត ១៤ខែ រវាងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនមួយនេះ និងអ៊ីស្រាអែល នៅក្នុងតំបន់ហ៊ុមព័ទ្ធ ដោយមិនប្រាប់អត្តសញ្ញាណរបស់ពួកគេទេ ហើយបន្ថែមថា ចំណាប់ថ្នូរផ្សេងទៀតបានបាត់ខ្លួន។

ក្រុមហាម៉ាស បានព្រមាននៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់អ៊ីស្រាអែលថា "ជាមួយនឹងការបន្តនៃសង្រ្គាមដ៏ឆ្កួតលីលានេះ អ្នកអាចបាត់បង់ចំណាប់ថ្នូររបស់អ្នកជារៀងរហូត។ គួរធ្វើអ្វីដែលអ្នកត្រូវធ្វើ មុនពេលគ្រប់យ៉ាងយឺតពេល"។

បន្តិចក្រោយមក ក្រុមហាម៉ាស បានផ្សព្វផ្សាយវីដេអូមួយដែលខ្លួននិយាយថាជាសេចក្ដីលម្អិតអំពីពេលវេលា និងរបៀបដែលចំណាប់ថ្នូរត្រូវបានសម្លាប់ ដោយបន្ទោសនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ចំពោះជោគវាសនារបស់ពួកគេ។ យោធាអ៊ីស្រាអែលមិនបានធ្វើអត្ថាធិប្បាយភ្លាមៗទេ ហើយការស្លាប់នេះបានកើតឡើងខណៈការវាយប្រហារយោធាអ៊ីស្រាអែល បានបន្តកាន់តែខ្លាំងក្លានៅតំបន់ហ្កាហ្សា។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងឈប់បាញ់ និងដោះដូរចំណាប់ថ្នូរ បានជាប់គាំងជាច្រើនខែ ដោយក្រុមហាម៉ាស ចង់ឱ្យបញ្ចប់សង្គ្រាម និងការដកទ័ពអ៊ីស្រាអែលទាំងស្រុងចេញពីតំបន់ហ្កាហ្សា ប៉ុន្តែលោក Netanyahu និយាយថា សង្គ្រាមនឹងបន្តរហូតដល់ក្រុមហាម៉ាស ត្រូវបានលុបបំបាត់ ហើយលែងបង្កការគំរាមកំហែងដល់អ៊ីស្រាអែលទៀត៕