របាយការណ៍មួយបាននិយាយកាលពីថ្ងៃចន្ទ (០២ ធ្នូ) ថា ការលក់របស់ក្រុមហ៊ុនផលិតសព្វាវុធធំៗបានកើនឡើងយ៉ាងខ្លាំងនៅឆ្នាំ២០២៣ ដោយសារសង្រ្គាមនៅអ៊ុយក្រែន និងដែនដីហ្កាហ្សា រួមទាំងភាពតានតឹងនៅអាស៊ី ជាមួយនឹងកំណើនគួរឱ្យកត់សម្គាល់សម្រាប់ក្រុមហ៊ុនផលិតដែលមានមូលដ្ឋាននៅប្រទេសរុស្ស៊ី និងមជ្ឈិមបូព៌ា។

យោងតាមរបាយការណ៍របស់វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ ស្តុកហូម (Sipri) បានឱ្យដឹងថា ការលក់សព្វាវុធ និងសេវាកម្មយោធាដោយក្រុមហ៊ុនអាវុធធំជាងគេទាំង១០០ របស់ពិភពលោក មានចំនួនសរុប ៦៣២ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៣ ដែលកើនឡើង ៤,២%។

របាយការណ៍បានបញ្ជាក់ថា ប្រាក់ចំណូលធ្លាប់បានធ្លាក់ចុះខ្លាំងកាលឆ្នាំ២០២២ ដោយសារក្រុមហ៊ុនផលិតសព្វាវុធសកល បានជួបការលំបាកដើម្បីបំពេញតម្រូវការកើនឡើង ប៉ុន្តែក្រុមហ៊ុនជាច្រើនអាចបង្កើនផលិតកម្មខ្លួនឡើងវិញនៅឆ្នាំ២០២៣។

នៅក្នុងសញ្ញានៃកំណើនតម្រូវការនេះ ក្រុមហ៊ុនទាំង១០០ ទទួលបានការលក់សម្រេចលើសពី ១ពាន់លានដុល្លារក្នុងឆ្នាំ២០២៣ ជាលើកដំបូង។
ក្នុងចំណោមអ្នកផលិតឈានមុខគេ ក្រុមហ៊ុនអាមេរិកជាច្រើនបានកត់ត្រាកំណើន ២,៥% នៃការលក់របស់ខ្លួននៅក្នុងឆ្នាំ២០២៣ ហើយនៅតែស្មើនឹងពាក់កណ្តាលនៃប្រាក់ចំណូលសរុបរបស់ពិភពលោក ជាមួយនឹងក្រុមហ៊ុនផលិតអាវុធអាមេរិកមានរហូតដល់ ៤១ស្ថាប័ន ក្នុងចំណោមក្រុមហ៊ុននាំមុខទាំង១០០ របស់ពិភពលោក៕