បន្ទាយមានជ័យ ៖ ស្ថានភាពទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ កាន់តែមានភាពធូរស្បើយច្រើន ខណៈអាកាសធាតុ នៅក្នុងខេត្តមិនមានភ្លៀងធ្លាក់ខ្លាំងបន្ត ដែលបង្កឲ្យមានទឹកជំនន់ ហើយពលរដ្ឋនៅទីទួលសុវត្ថិភាព បានត្រឡប់ទៅផ្ទះវិញក៏ជិតអស់ផងដែរ ។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ទឹកជំនន់នៅបន្ទាយមានជ័យ មិន មានប៉ះពាល់ធ្ងន់ធ្ងរអ្វីទៀតនោះទេ ហើយនារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ អាកាសធាតុល្អ មានភ្លៀង ធ្លាក់តិចតួចប៉ុណ្ណោះ ។
នៅក្រុងប៉ោយប៉ែត បានវិលទៅរកភាពធម្មតាវិញ ដោយទឹកបានស្រកអស់ហើយ និងកាលពីទឹកជំនន់ទើបហក់ឡើងថ្មីៗ មានប្រជាពលរដ្ឋជាង ៤០០គ្រួសារ ត្រូវបានជម្លៀសទៅកាន់ទី ទួលសុវត្ថិភាព ហើយនៅព្រឹកនេះ អាជ្ញាធរកំពុងរៀបចំដឹកពួកគេត្រឡប់ទៅផ្ទះវិញ ។
ទឹកជំនន់នៅខេត្តបន្ទាយមានជ័យ បានហក់ឡើងជាបន្តបន្ទាប់ជាងពីរខែមកហើយ ដោយបានប៉ះ ពាល់ផ្ទះប្រជាពលរដ្ឋជិតពីរម៉ឺនគ្រួសារ ប៉ះពាល់ដំណាំស្រូវជាង១៥ពាន់ហិកតា រួមទាំងដំណាំកសិកម្ម ផ្សេងៗជាច្រើនហិកតាទៀត ខណៈហេដ្ឋារចនាសម្ព័ន្ធ មានផ្លូវថ្នល់ត្រូវទឹកហូរកាត់ផ្ដាច់ សាលារៀន និងតូបក្នុងផ្សារជាដើម តែមិនមានពលរដ្ឋណាម្នាក់ បានគ្រោះថ្នាក់ដោយសារទឹកជំនន់នៅឆ្នាំនេះនៅឡើយ ទេ ។
ពាក់ព័ន្ធបញ្ហាគ្រោះទឹកជំនន់នេះ អាជ្ញាធរបានជួយសង្គ្រោះពលរដ្ឋនាំទៅកាន់ទីទួលសុវត្ថិភាព ការ ផ្ដល់នូវស្បៀងអាហារ ដាក់គ្រូពេទ្យប្រចាំព្យាបាលជំងឺ ហើយរាជរដ្ឋាភិបាល ដោយមានការគាំទ្រថវិកាពី អង្គការ GIZ និងអង្គការ USIAD ឧបត្ថម្ភថវិកាចំនួន៣ខែ ដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់ ដែលមាន ជីវភាពខ្វះខាត ៕
អត្ថបទ៖ បាន សុខរិទ្ធ



