កំពង់ឆ្នាំង៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាឲ្យកម្លាំងខ័ណ្ឌរដ្ឋបាលជលផល និងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ត្រូវកម្ទេចចោលនូវវត្ថុតាងបទល្មើសនេសាទនៅនឹងកន្លែងមានបទល្មើស មិនត្រូវយកមកទុកនៅកន្លែងនាំឲ្យពិបាកទៀតឡើយ ព្រោះបទល្មើសទាំងនោះ តែងតែកើតឡើងវិញពេលសមត្ថកិច្ចចំរុះចេញមកវិញ។ ដើម្បីបំបាត់បទល្មើសនេះ ពេលបង្ក្រាបរួចត្រូវបំផ្លាញចោលនៅទីតាងនោះតែម្តងទៅ។
ឯកឧត្តមបានបន្តថា ក្នុងឆ្នាំ២០២៤នេះ តាមរបាយការណ៍ខ័ណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានចុះបង្ក្រាបជាហូរហែរនូវប្រភេទរបាំងស្បៃមុង របាំងសាច់អួនវែងខុសពីច្បាប់ជលផល ការដឹកជញ្ជូនលៀស ការឆក់ត្រីទាំងឆក់ក្តៅ និងត្រជាក់ រួមនិងបទល្មើសផ្សេងៗទៀត ធ្វើឲ្យបទល្មើសទាំងនោះថយចុះ។ ចំពោះប្រជានេសាទលក្ខណៈគ្រួសារនៅគ្រប់ច្រកល្ហកនៃភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ត្រូវរាយការណ៍មកកម្លាំងជំនាញជលផល ឬអាជ្ញាធរមូលដ្ឋានភ្លាម បើឃើញមានបទល្មើសនេសាទរបាំងសាច់អួនវែងៗខុសច្បាប់ ឃើញរបាំងស្បៃមុង ឬឃើញបទល្មើសនេសាទដទៃទៀត។ ប្រសិនបើរាយការណ៍ហើយមិនឃើញធ្វើ ត្រូវរាយការណ៍មកឯកឧត្តមផ្ទាល់តែម្តង ព្រោះសព្វថ្ងៃឯកឧត្តមច្រើនតែទទួលបានព័ត៌មានពីអ្នកកាសែតប៉ុណ្ណោះ។ ប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមទាំងអស់គ្នា ដើម្បីថែរក្សាពូជមច្ឆាជាតិទឹកសាបយើងអោយគង់វង់។
ឯកឧត្តមអភិបាលខេត្តបានបន្ថែមថា៖ កន្លងមក ឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានខិតខំចុះតាមមូលដ្ឋាន ដើម្បីផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនឹងបទល្មើសនេសាទទាំងនោះ ជាពិសេសគឺពាក់ព័ន្ធបទល្មើសកាប់ទន្ទ្រានយកដីព្រៃលិចទឹកក្នុងតំបន់២ និងតំបន់៣ ដែលច្បាប់បានហាមឃាត់ដាច់ខាត ការកាប់ព្រៃលិចទឹកយកមកធ្វើជាសម្រាស់ ការឆក់ត្រី ធ្វើអោយប្រជានេសាទយល់ដឹង ហើយប្រជាពលរដ្ឋបានស្ម័គ្រចិត្តប្រគល់អាំងវែរទ័រឆក់ត្រីជាច្រើនគ្រឿងមកឲ្យសមត្ថកិច្ចជលផលយើងផងដែរ៕ កាំង ហុងវាស្នា




