បទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមប្រដាប់អាវុធហេសបូឡានៅលីបង់ ដែលបានកើតឡើង កាលពីថ្ងៃពុធ ទី២៧ ខែ វិច្ឆិកា ក្រោមកិច្ចព្រមព្រៀង ត្រូវបានសម្របសម្រួលដោយសហរដ្ឋអាមេរិក និងប្រទេសបារាំង ប្រជាជននៅក្នុងប្រទេសទាំងពីរបានចាប់ផ្តើមវិលត្រឡប់ទៅលំនៅឋានវិញនៅតំបន់ព្រំដែនដែលរងការបំផ្លាញដោយការប្រយុទ្ធគ្នារយៈពេល ១៤ ខែ។

រថយន្តគ្រួសារ និងរថយន្តដឹក បានដាក់គរខ្ពស់ជាមួយពូក វ៉ាលី និងគ្រឿងសង្ហារឹម ឆ្លងកាត់កាត់ទីក្រុងកំពង់ផែ Tire ប្រទេសលីបង់ដែលត្រូវបានទម្លាក់គ្រាប់បែកយ៉ាងខ្លាំង ឆ្ពោះទៅកាន់ភាគខាងត្បូងដោយមនុស្សប្រហែល ១,៤ លាននាក់ ត្រូវបានគេជឿថា បានភៀសខ្លួនចេញដោយសារតែជម្លោះ។

នៅក្នុងសេចក្តីថ្លែងការណ៍ដំបូងដោយមជ្ឈមណ្ឌលប្រតិបត្តិការរបស់ក្រុមហេសបូឡា ចាប់តាំងពីបទឈប់បាញ់ត្រូវបានប្រកាស ក្រុមនេះពុំបាននិយាយដោយផ្ទាល់អំពីបទឈប់បាញ់នោះទេ ហើយបានប្តេជ្ញាបន្តការតស៊ូរបស់ខ្លួន។ កងកម្លាំងរបស់ក្រុមនេះ នឹងតាមដានការដកកងទ័ពរបស់អ៊ីស្រាអែលចេញពីប្រទេសលីបង់ «ដោយដៃរបស់ពួកគេនៅតែដាក់លើកៃកាំភ្លើង» ។

ក្រសួងសុខាភិបាលប្រទេសលីបង់ បាននិយាយថា បទឈប់បាញ់ មានគោលបំណងបញ្ចប់ជម្លោះឆ្លងកាត់ព្រំដែនអ៊ីស្រាអែល-លីបង់ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់៣.៧៦៨នាក់នៅក្នុងប្រទេសលីបង់ ចាប់តាំងពីជម្លោះត្រូវបានបញ្ឆេះដោយសង្រ្គាមនៅតំបន់ហ្កាហ្សាកាលពីឆ្នាំមុន ។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយថា បទឈប់បាញ់គឺជា «រស្មីដំបូងនៃក្តីសង្ឃឹម» ក្នុងរយៈពេលជាច្រើនខែ នៃជម្លោះនៅតំបន់មជ្ឈិមបូព៌ា។