បន្ទាប់ពីបានឃើញសាររបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា កាលពីយប់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤នេះ ដោយបានផ្ដាំទៅលោក ជេម សុខ ថា គួរឈប់ធ្វើអ្នកចេះគ្រប់រឿងទៀតទៅ។ លោក ជេម សុខ កាលពីយប់ថ្ងៃទី២ ធ្នូនេះដែរ បានចេញមុខ សូមទោសសម្ដេចតេជោ និងទទួលស្គាល់ថា លោកគឺជាមនុស្សឈឺ និងពុលទឹកមាត់ពិតមែន។
ក្រោយបានឃើញសាររបស់សម្ដេចតេជោ លោក ជេម សុខ បានផ្ញើសារសូមគោរពសូមទោសពីសម្ដេចតេជោ ឬលោកបានហៅសម្ដេចតេជោថា «ផ្កាយព្រឹក»។ លោក ជេម សុខ បានសរសេរថា លោកសូមអភ័យទោសពីសម្ដេចតេជោ បើមានការខុសឆ្គងត្រង់ណា។ លោកទទួលស្គាល់ថាជាការពិតណាស់លោកគឺជាមនុស្សឈឺ និងពុលទឹកមាត់ ដោយចូលចិត្តនិយាយលេងសើចច្រើន។ លោកបានសូមទោសសម្ដេចតេជោ និងសូមសម្ដេចមេត្តាកុំប្រកាន់ទោសអូសដំណើររូបលោក។
សម្ដេចតេជោ ហ៊ុន សែន កាលពីយប់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤នេះ បានសរសេរសារតាមបណ្ដាញសង្គមឆ្លើយតបទៅលោក ជេម សុខ ថា ដំណើរទស្សនកិច្ចរបស់សម្ដេចទៅចិនគឺតបតាមការអញ្ជើញរបស់ប្រធានាធិបតីចិន ឯកឧត្តម ស៊ី ជិនភីង។ ផ្ទុយពីការវិភាគរបស់លោកថាសម្ដេចតេជោទៅប្រទេសចិនយ៉ាងប្រញាប់ប្រញាល់។
ឆ្លើយតបនឹងការលើកឡើងនេះ សម្ដេចតេជោបានបញ្ជាក់យ៉ាងខ្លីថា «គម្រោងទស្សនកិច្ចនៅចិនរបស់សម្ដេច គឺបានរៀបចំតាំងពីជិត២ខែមុនម្លេះដែលជាការអញ្ជើញរបស់ ប្រធានាធិបតីចិន គឺឯកឧត្តម ស៊ី ជិនភីង។ នេះមិនមែនជាទស្សនកិច្ចដ៏ប្រញាប់ប្រញាល់ឬតក់ក្រហល់នោះទេ»។
សម្ដេចតេជោ ក៏បានសង្ឃឹមថា លោក ជេម សុខ គួរឈប់ធ្វើជាអ្នកចេះគ្រប់រឿងទៀតទៅ។ ដោយកន្លងទៅលោក ជេម សុខ ខ្លាចសម្បថ ប៉ុន្ដែសម្ដេចបញ្ជាក់ថាសម្ដេចមិនបបួលស្បថទៀតទេព្រោះខ្លាចងាប់ឆ្កែរបស់ លោក ជេម សុខ។
សម្ដេចតេជោ បានជូនពរ លោក ជេម សុខ ឱ្យឆាប់ជាសះស្បើយពីជំងឺ ពុលទឹកមាត់ ពីជំងឺច្រណែនស្ទើរគ្រប់មនុស្ស ពិសេសជូនពរឱ្យចេះគ្រប់រឿងថែមទៀតប្រសិនលោក ជេម សុខ ចង់។ នេះគឺជាសារជូនរបស់របស់សម្ដេចតេជោ ឬមានរហស្សនាមថា «ផ្កាយព្រឹក» ដែលលោក ជេម សុខ ជាអ្នកដាក់ឈ្មោះនិងហៅសម្ដេចយ៉ាងពិរោះបែបនេះ៕



