រដ្ឋាភិបាលកាណាដា បាននិយាយថា កិច្ចព្រមព្រៀងសញ្ញាពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិកដ៏សំខាន់ នៅតែបើកចំហសម្រាប់សមាជិកផ្សេងទៀតដែលចង់ចូលរួម រួមទាំងកោះតៃវ៉ាន់ផងដែរ បន្ទាប់ពីទីក្រុងតៃប៉ិ បានត្អូញត្អែរថា ក្រុមការងារដើម្បីពិចារណាសមាជិកភាពរបស់ខ្លួនមិនត្រូវបានបង្កើតឡើងទេ។

រដ្ឋាភិបាលរបស់កោះតៃវ៉ាន់ បានសម្តែងការខកចិត្តកាលពីថ្ងៃសុក្រសប្ដាហ៍មុន ដែលសមាជិកនៃកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) មិនបានបង្កើតក្រុមការងារវាយតម្លៃសមាជិកភាពរបស់ខ្លួននៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៅទីក្រុង Vancouver របស់កាណាដា ដោយនិយាយថា មិនគួរមានការពិចារណាខាងនយោបាយទេ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់សារព័ត៌មានរ៉យទ័រនៅថ្ងៃអង្គារ (០៣ ធ្នូ) នេះ ក្រុមកិច្ចការសកលកាណាដា បាននិយាយថា រដ្ឋសមាជិកដែលមានស្រាប់ នឹងបន្តពិភាក្សាអំពីសំណើសមាជិកភាពថ្មី បន្ទាប់ពីការបង្កើតក្រុមការងារវាយតម្លៃការចូលរួម ឬហៅថា AWG សម្រាប់ប្រទេសកូស្តារីកា ក្នុងកិច្ចប្រជុំនៅកាណាដា។

គួររម្លឹកថា កោះតៃវ៉ាន់ ក្នុងឆ្នាំ២០២១ បានដាក់ពាក្យចូលរួមជាមួយក្រុម CPTPP ជាផ្លូវការតិចជាងមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីចិននិយាយថាខ្លួនក៏បានដាក់សំណើចូលរួមផងដែរ។ បច្ចុប្បន្នក្រុមពាណិជ្ជកម្មនេះមានសមាជិកចំនួន ១១ប្រទេស ដូចជា អូស្ត្រាលី ប្រ៊ុយណេ កាណាដា ឈីលី ជប៉ុន ម៉ាឡេស៊ី ម៉ិកស៊ិក ប៉េរូ នូវែលសេឡង់ សិង្ហបុរី និងវៀតណាម ហើយចក្រភពអង់គ្លេស នឹងចូលរួមជាផ្លូវការក្នុងខែនេះ៕