ក្រុមអ្នកការទូតបាននិយាយថា សម្ព័ន្ធយោធាណាតូ ទំនងជាមិនពិចារណាភ្លាមៗចំពោះការអំពាវនាវរបស់អ៊ុយក្រែន សម្រាប់ការអញ្ជើញចូលជាសមាជិកយ៉ាងឆាប់រហ័សនៅក្នុងកិច្ចប្រជុំនៅថ្ងៃអង្គារ (០៣ ធ្នូ) នេះទេ ដែលនេះហាក់បំផ្លាញក្តីសង្ឃឹមរបស់ទីក្រុងគីវ ក្នុងការជំរុញផ្នែកនយោបាយ ខណៈខ្លួនកំពុងតស៊ូនៅលើសមរភូមិ ហើយរង់ចាំការវិលត្រឡប់របស់លោក Donald Trump ទៅកាន់សេតវិមាន។

នៅក្នុងលិខិតមួយផ្ញើទៅកាន់សមភាគីណាតូនៅមុនកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក អាន់ឌ្រី ស៊ីប៊ីហា (Andrii Sybiha) បាននិយាយថា ការអញ្ជើញរបស់ណាតូ នឹងដកចេញនូវអំណះអំណាងដ៏សំខាន់មួយរបស់រុស្ស៊ី សម្រាប់ការធ្វើសង្គ្រាមរបស់ខ្លួន ពោលគឺការរារាំងអ៊ុយក្រែន មិនឱ្យចូលរួមក្នុងសម្ព័ន្ធយោធា។

ប៉ុន្តែប្រភពការទូតដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា មិនមានសញ្ញាណាមួយនៃការឯកភាពគ្នាដែលត្រូវការ ក្នុងចំណោមសមាជិក ៣២ប្រទេសរបស់ណាតូ សម្រាប់ការអញ្ជើញនេះទេ នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៅទីក្រុងព្រុចសែល។

អ្នកការទូតជាន់ខ្ពស់ណាតូម្នាក់ បាននិយាយកាលពីថ្ងៃចន្ទថា "គេនឹងត្រូវចំណាយពេលជាច្រើនសប្តាហ៍ ឬច្រើនខែដើម្បីទទួលបានការឯកភាព ហើយយើងមើលមិនឃើញថាការអញ្ចើញនោះកើតឡើងភ្លាមៗទេ"។
អ៊ុយក្រែន មើលឃើញសមាជិកភាពណាតូ ជាការធានាដ៏ល្អបំផុតនៃអនាគតសន្តិសុខរបស់ខ្លួន ព្រោះនៅក្រោមកិច្ចព្រមព្រៀងការពារទៅវិញទៅមកនៃមាត្រាទី៥ របស់អង្គការណាតូ បានចែងថា បណ្ដារដ្ឋសមាជិកយល់ព្រមចាត់ទុកការវាយប្រហារលើរដ្ឋណាមួយថាជាការវាយប្រហារលើទាំងអស់គ្នា ហើយនឹងជួយគ្នាទៅវិញទៅមក៕