បាល់ទាត់៖ ថ្មីៗនេះលោក Satoshi Saito នាយកប្រតិបត្តិក្រុមហ៊ុនលីគបាល់ទាត់កម្ពុជា បានប្រាប់បណ្ដាញសារព័ត៌មាននៅកម្ពុជាថា ជាការពិតណាស់ដូចលោកធ្លាប់លើកឡើងក្នុងការងារអាទិភាពទី២ គឺទាក់ទងនឹងលក្ខណៈវិនិច្ឆ័យក្លិបគឺមានសារៈសំខាន់ណាស់ ព្រោះក្លិបទាំងនោះត្រូវមានស្តង់ដាររួមមួយដែលត្រូវចូលរួមលីគកំពូល បើមិនដូច្នោះទេនឹងមិនអាចចូលរួមបាន។
លោកបន្តថា ការងាររបស់លោកនៅទីនេះគឺត្រូវលើកកម្ពស់ស្តង់ដារបាល់ទាត់នៅកម្ពុជា ហើយលោកនឹងជួយក្លិបទាំងអស់ឱ្យទៅជាក្លិបអាជីពមួយ ស្របតាមនិយាមបាល់ទាត់អាស៊ី (AFC) រឺសហព័ន្ធបាល់ទាត់ពិភពលោក (FIFA)។ ខណៈលោក Satoshi ក៏បានលើកឡើងពីលីគ ៣ប្រទេសនៅអាស៊ីអាគ្នេយ៍ដែលខ្លាំង និងមានការចាប់អារម្មណ៍មានលីគកំពូលថៃ ម៉ាឡេស៊ី និងប្រទេសវៀតណាម ប៉ុន្តែលោកក៏បានរំលេចថា លីគកំពូលថៃគឺខ្លាំង និងចាប់អារម្មណ៍ជាងគេដោយសារមានការគ្រប់គ្រងល្អ និងមាននាយកប្រតិបត្តិ។ តាមការគ្រោងទុកលោក Satoshi Saito នឹងមកដល់ព្រះរាជាណាចក្រកម្ពុជានៅយប់ថ្ងៃទី២៦ ខែតុលានេះដំណាលគ្នាជាមួយក្រុមបាល់ទាត់យុវជនកម្ពុជាអាយុក្រោម ២៣ឆ្នាំ បន្ទាប់ពីបញ្ចប់បេសកកម្មជម្រុះបាល់ទាត់យុវជនអាស៊ី២០២២ ក្រោមអាយុ ២៣ឆ្នាំជាមួយជប៉ុន៕
អត្ថបទ៖ គង់ ហួន