សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ (០២ ធ្នូ) បានចាប់ផ្តើមការបង្រ្កាបជាលើកទី៣ របស់ខ្លួនក្នុងរយៈពេល ៣ឆ្នាំលើឧស្សាហកម្មបន្ទះឈីបពាក់កណ្ដាលចម្លងរបស់ប្រទេសចិន ដោយទប់ស្កាត់ការនាំចេញទៅកាន់ក្រុមហ៊ុនចំនួន១៤០ រួមទាំងក្រុមហ៊ុនផលិតឧបករណ៍បន្ទះឈីបដ៏ធំ ន័ររ៉ា តិចណូឡូជី គ្រុប (Naura Technology Group) ក្នុងចំណោមវិធានការផ្សេងទៀត។

កិច្ចប្រឹងប្រែងដើម្បីទប់ស្កាត់មហិច្ឆតាផលិតបន្ទះឈីបរបស់ទីក្រុងប៉េកាំង នេះក៏បានប៉ះពាល់ដល់ក្រុមហ៊ុនផលិតឧបករណ៍ឈីបចិន ផៃអូតិច (Piotech), ស្ថាប័នស្រាវជ្រាវ អេស៊ីអ៊ឹម (ACM Research) និង ស៊ីឃើរៀ តិចណូឡូជី (SiCarrier Technology) ជាមួយនឹងការរឹតបន្តឹងការនាំចេញថ្មី ជាផ្នែកនៃការបង្រ្កាបនេះ ដែលក៏កំណត់គោលដៅលើការដឹកជញ្ជូនបន្ទះឈីបអង្គចងចាំកម្រិតខ្ពស់ និងឧបករណ៍ផលិតឈីបជាច្រើនទៀតទៅកាន់ប្រទេសចិន។

ជំហាននេះគឺជាកិច្ចខិតខំប្រឹងប្រែងទ្រង់ទ្រាយធំចុងក្រោយរបស់រដ្ឋបាលលោកប្រធានាធិបតី Joe Biden ក្នុងការរារាំងសមត្ថភាពចិន មិនឱ្យប្រើ និងផលិតបន្ទះឈីប ដែលអាចជួយជំរុញចារកម្មសម្ងាត់សម្រាប់កម្មវិធីយោធា ឬគំរាមកំហែងដល់សន្តិសុខជាតិរបស់អាមេរិក។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លីន ជាន (Lin Jian) បាននិយាយកាលពីថ្ងៃចន្ទថា អាកប្បកិរិយារបស់ទីក្រុងវ៉ាស៊ីនតោន បានធ្វើឱ្យខូចដល់សណ្តាប់ធ្នាប់ពាណិជ្ជកម្មសេដ្ឋកិច្ចអន្តរជាតិ និងរំខានដល់ខ្សែច្រង្វាក់ផ្គត់ផ្គង់ពិភពលោក ដោយព្រមានថា ចិននឹងចាត់វិធានការដើម្បីការពារសិទ្ធិ និងផលប្រយោជន៍របស់ក្រុមហ៊ុនខ្លួន៕