ប្រភពចំនួន៥ បានប្រាប់សារព័ត៌មានរ៉យទ័រថា បណ្តាញរត់ពន្ធប្រេងដ៏ទំនើបមួយ ដែលអ្នកជំនាញមួយចំនួនជឿថា ប្រមូលបានយ៉ាងហោចណាស់ ១ពាន់លានដុល្លារក្នុងមួយឆ្នាំ សម្រាប់អ៊ីរ៉ង់ និងភ្នាក់ងាររបស់ខ្លួន មានការរីកលូតលាស់ខ្លាំងនៅក្នុងប្រទេសអ៊ីរ៉ាក់ ចាប់តាំងពីលោកនាយករដ្ឋមន្រ្តី ម៉ូហាមេដ សៀ អាល់-ស៊ូដានី (Mohammed Shia al-Sudani) ចូលកាន់តំណែងក្នុងឆ្នាំ២០២២ មក។

ប្រភព និងរបាយការណ៍ចារកម្មលោកខាងលិចបានបង្ហាញថា ប្រតិបត្តិការនេះទាញយកប្រយោជន៍ពីគោលនយោបាយរដ្ឋាភិបាលអ៊ីរ៉ាក់ ក្រោមរូបភាពនៃការបែងចែកប្រេងឥន្ធនៈដល់រោងចក្រផលិតកៅស៊ូក្នុងតម្លៃឧបត្ថម្ភធនយ៉ាងច្រើន ហើយពាក់ព័ន្ធនឹងបណ្តាញក្រុមហ៊ុន ក្រុម និងបុគ្គលនៅក្នុងអ៊ីរ៉ាក់ អ៊ីរ៉ង់ និងរដ្ឋឈូងសមុទ្រជាច្រើនទៀត។

ប្រភពនិយាយថា នៅក្រោមគ្រោងការណ៍នេះ ចំនួនប្រហែល ៥០០.០០០ តោនទៅ ៧៥០.០០០ តោននៃប្រេងឥន្ធនៈធ្ងន់ (HFO) រួមទាំងប្រេងឥន្ធនៈស្ពាន់ធ័រ (HSFO) ពោលគឺស្មើនឹង ៣,៤ លានទៅ ៥ លានបារ៉ែលនៃប្រេង ត្រូវបានបង្វែរចេញពីរោងចក្ររៀងរាល់ខែ ហើយនាំចេញភាគច្រើនទៅកាន់អាស៊ី។

អ៊ីរ៉ង់ចាត់ទុកប្រទេសជិតខាងអ៊ីរ៉ាក់ ជាបណ្ដាញសេដ្ឋកិច្ច ហើយវាតទីឥទ្ធិពលយោធា នយោបាយ និងសេដ្ឋកិច្ចយ៉ាងច្រើននៅទីនោះ តាមរយៈកងជីវពលនិកាយស៊ីអ៊ីតដ៏ខ្លាំងក្លា និងបក្សនយោបាយដែលខ្លួនគាំទ្រ។ ក្រុមមន្ត្រីអ៊ីរ៉ាក់ និងអាមេរិកនិយាយថា អ៊ីរ៉ង់ក៏នាំយកប្រភពរូបិយប័ណ្ណរឹងពីអ៊ីរ៉ាក់ តាមរយៈការនាំចេញ និងបញ្ចៀសទណ្ឌកម្មរបស់ដ្ឋអាមេរិក តាមរយៈប្រព័ន្ធធនាគាររបស់ប្រទេសនេះផងដែរ៕