ទិន្នន័យរបស់ក្រសួងមហាផ្ទៃអេស្ប៉ាញ បានបង្ហាញកាលពីថ្ងៃចន្ទ (០២ ធ្នូ) ថា ចំនួនជនអន្តោប្រវេសន៍ដែលទៅដល់ប្រជុំកោះ កាណារី (Canary) របស់អេស្ប៉ាញ តាមរយៈទូកចាស់ៗពីអាហ្វ្រិកខាងលិច បានឈានដល់កម្រិតខ្ពស់បំផុតកំណត់ត្រាប្រចាំឆ្នាំ ដែលមានចំនួន ៤១.៤២៥នាក់ នៅចន្លោះថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំនេះ។

ប្រជុំកោះដែលមានកូនកោះចំនួន៧ នៅឆ្នេរសមុទ្រអាត្លង់ទិកភាគពាយព្យនៃទ្វីបអាហ្រ្វិកមួយនេះ កំពុងជួបការលំបាកដើម្បីទប់ទល់កំណើនជនអន្តោប្រវេសន៍មិនទៀងទាត់ដែលមកដល់តាមទូកតូចៗ ក្នុងបំណងស្វែងរកអនាគតកាន់តែប្រសើរឡើងនៅក្នុងទ្វីបអឺរ៉ុប។

ដោយនៅសល់មួយខែទៀតប៉ុណ្ណោះដាច់ឆ្នាំ២០២៤ នេះគឺជាឆ្នាំទីពីរជាប់ៗគ្នាហើយ ដែលប្រជុំកោះកាណារី បានមើលឃើញចំនួនកំណត់ត្រានៃជនអន្តោប្រវេសន៍។ កាលពីឆ្នាំមុន ជនអន្តោប្រវេសន៍ចំនួន ៣៩.៩១០នាក់ បានទៅដល់ប្រជុំកោះនេះ ដែលលើសពីកំណត់ត្រាកាលពីមុនក្នុងឆ្នាំ២០០៦។
យោងតាមទិន្នន័យចុងក្រោយរហូតដល់ខែតុលា ពីទីភ្នាក់ងារព្រំដែន ហ្វ្រុនតិច (Frontex) របស់សហភាពអឺរ៉ុប បានបង្ហាញថា ជនជាតិម៉ាលី សេណេហ្គាល់ និងម៉ារ៉ុក គឺជាភាគច្រើននៃជនអន្តោប្រវេសន៍ដែលទៅដល់ប្រជុំកោះអេស្ប៉ាញមួយនេះ៕