អ្នកនាំពាក្យរបស់លោក បាននិយាយកាលពីថ្ងៃចន្ទថា អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អង់តូនីញ៉ូ ហ្គុយតឺរេស (Antonio Guterres) អំពាវនាវឲ្យបញ្ឈប់ជាបន្ទាន់នូវអរិភាព ចំពេលមានការកើនឡើងនៃអំពើហិង្សានាពេលថ្មីៗនេះ នៅក្នុងប្រទេសស៊ីរី។

លោក Stephane Dujarric អ្នកនាំពាក្យរបស់ប្រមុខUN បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា លោក ហ្គុយតឺរេស មានការព្រួយបារម្ភចំពោះការកើនឡើងនៃអំពើហិង្សានាពេលថ្មីៗនេះ នៅទូទាំងភាគពាយ័ព្យប្រទេសស៊ីរី។

លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បានអំពាវនាវឲ្យបញ្ឈប់ជាបន្ទាន់នូវអរិភាព រំលឹកភាគីទាំងអស់អំពីកាតព្វកិច្ចរបស់ពួកគេ នៅក្រោមច្បាប់អន្តរជាតិ រួមទាំងច្បាប់មនុស្សធម៌ និងបានជំរុញឲ្យមានការវិលត្រឡប់ជាបន្ទាន់ ទៅរកដំណើរការនយោបាយដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិ ស្របតាមសេចក្តីសម្រេចលេខ ២២៥៤ (២០១៥)របស់ក្រុមប្រឹក្សាសន្តិសុខ។
សេចក្តីថ្លែងការណ៍របស់លោក ហ្គុយតឺរេស បានកើតឡើង បន្ទាប់ពីក្រុម Hayat Tahrir al-Sham ដែលជាក្រុមដែលត្រូវបានចាត់ទុកជាក្រុមភេរវករដោយក្រុមប្រឹក្សាសន្តិសុខ និងក្រុមប្រឆាំងដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន បានបើកការវាយលុកដ៏ធំរបស់ក្រុមឧទ្ទាម កាលពីសប្តាហ៍មុន នៅភាគពាយព្យនៃទីក្រុង Aleppo របស់ប្រទេសស៊ីរី និងបានផ្លាស់ប្តូរជួរមុខ ដែលមានស្ថិរភាព ចាប់តាំងពីឆ្នាំ ២០២០។