សហគ្រិនខ្មែរមានសេចក្តីរីករាយក្នុងការប្រកាសអ្នកឈ្នះ នៃកម្មវិធីការប្រកួតប្រជែងយុវជនឆ្ពោះទៅអាជីវកម្ម ដើម្បីអបអរសាទរការច្នៃប្រឌិតរបស់យុវជននៅក្នុងវិស័យសហគ្រិនភាព។ កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងការអបអរ និងទទួលស្គាល់ពីសម្ថតភាពនៃម្ចាស់ជ័យលាភី៥ក្រុម ក្នុងចំណោមបេក្ខជនសរុបចំនួន៤០០ ដែលបានដាក់ពាក្យចូលរួម។
ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្ដិ នៃសហគ្រិនខ្មែរ បានមានប្រសាសន៍ថា “កម្មវិធីយុវជនឆ្ពោះទៅអាជីវកម្ម គឺជាកម្មវិធីគាំទ្រមួយនៃកម្មវិធីគាំទ្រជាច្រើទៀតរបស់សហគ្រិនខ្មែរ ដែលផ្ដល់ឱកាសដល់យុវជនបង្ហាញពីគំនិតច្នៃប្រឌិតនៃនវានុវត្តន៍ថ្មី បណ្ដុះជំនាញ ដោះស្រាយបញ្ហា និងជំរុញស្មារតីសហគ្រិនភាព។ សហគ្រិនខ្មែរជឿជាក់ថា ការផ្តល់ឱកាសដល់យុវជនតាមរយៈកម្មវិធីនេះ គឺមានសារៈសំខាន់សម្រាប់ការជំរុញកំណើនសេដ្ឋកិច្ច ជំរុញនវានុវត្តន៍ថ្មី និងបង្កើតការផ្លាស់ប្តូរនៅក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព។
កម្មវិធីនេះត្រូវបានធ្វើឡើងក្រោមប្រធានបទ “នវានុវត្តន៍ ដើម្បីការអភិវឌ្ឍន៍’’។ ធាតុសំខាន់នៃការប្រកួតប្រជែង គឺការផ្តោតលើការដាក់ចំណោទ បញ្ហាដែលកើតមានឡើងនៅក្នុងបរិបទ អាជីវកម្មជាក់ស្ដែង ហើយតម្រូវឱ្យបេក្ខជនប្រកួតមានគំនិតផ្ដួចផ្ដើម ស្វែងរកដំណោះស្រាយបែបបច្ចេកវិទ្យាទៅលើបញ្ហាប្រឈមទាំងនោះ ដើម្បីឱ្យមានភាពប្រសើរឡើងនៅក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព។
ជាមួយនេះ សហគ្រិនខ្មែរ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ដៃគូឧបត្ថម្ភនានា ដែលចូលរួមយ៉ាងសកម្មក្នុងការគាំទ្រវិស័យសហគ្រិនភាព និងនវានុវត្តន៍ ឱ្យកាន់តែរីកចម្រើន៕





