ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian និងសមភាគីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃចន្ទ បានគូសបញ្ជាក់ពីភាពចាំបាច់ ក្នុងកិច្ចសហប្រតិបត្តិការ ដើម្បីជួយដល់រដ្ឋាភិបាលស៊ីរី ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុម «ភេរវករ» នៅក្នុងទឹកដីរបស់ខ្លួន។
នៅក្នុងការសន្ទនាតាមទូរស័ព្ទ ភាគីទាំងពីរ បានពណ៌នាអំពីសកម្មភាពថ្មីៗរបស់ ក្រុម«ភេរវករ» នៅភាគខាងជើងប្រទេសស៊ីរីថា ជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរចំពោះស្ថិរភាព និងសន្តិសុខនៃរដ្ឋអារ៉ាប់ និងតំបន់អាស៊ីខាងលិច។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ការិយាល័យប្រធានាធិបតីអ៊ីរ៉ង់។
លោក Pezeshkian បាននិយាយថា ខណៈដែលបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ក្នុងប្រទេសលីបង់កាលពីថ្ងៃពុធសប្តាហ៍មុន បានធ្វើឲ្យមានក្តីសង្ឃឹមឡើងវិញសម្រាប់ការធ្វើឲ្យមានភាពស្ងប់ស្ងាត់ ក្នុងតំបន់ឡើងវិញ សកម្មភាពរបស់ក្រុម «ភេរវករ» នៅភាគខាងជើងប្រទេសស៊ីរី បានធ្វើឲ្យតំបន់នេះ ស្ថិតក្នុងស្ថានភាពប្រកាសអាសន្នជាថ្មី។
លោក Pezeshkian បាននិយាយថា អ៊ីរ៉ង់បានរក្សាថា ព្រឹត្តិការណ៍នាពេលថ្មីៗនេះ គឺជាផ្នែកនៃផែនការ «ដ៏គ្រោះថ្នាក់» រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដើម្បីរៀបចំភូមិសាស្ត្រនយោបាយក្នុងតំបន់ ដើម្បីគាំទ្រអ៊ីស្រាអែល។
លោកបានសាទរចំពោះតួនាទី «ដ៏មានតម្លៃ» របស់រុស្ស៊ីក្នុងការធានាសន្តិភាព និងស្ថិរភាព នៅក្នុងតំបន់អាស៊ីខាងលិច និងការគាំទ្ររបស់ខ្លួនចំពោះបូរណភាពទឹកដីរបស់ប្រទេសស៊ីរី ដោបញ្ជាក់ថា អ៊ីរ៉ង់បានត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចសហប្រតិបត្តិការណាមួយជាមួយរុស្ស៊ី ក្នុងរឿងនេះ។
ចំណែកប្រធានាធិបតីរុស្ស៊ី បាននិយាយថា ប្រទេសរបស់លោកបានយល់ស្របទាំងស្រុងជាមួយនឹងការវាយតម្លៃរបស់អ៊ីរ៉ង់ចំពោះព្រឹត្តិការណ៍ថ្មីៗនៅភាគខាងជើងប្រទេសស៊ីរី។ លោកបានសង្កត់ធ្ងន់ថា រុស្ស៊ីជឿថា ក្រុម«ភេរវករ» មិនមែនជាអ្នកធ្វើការសម្រេចចិត្តដ៏សំខាន់ នៅពីក្រោយការវិវឌ្ឍដែលកំពុងបន្ត នៅភាគខាងជើងប្រទេសស៊ីរីនោះទេ ពោលគឺមានតែអ្នកគាំទ្ររបស់ពួកគេ ជាអ្នកសម្រេច។