ក្រសួងការបរទេសកូរ៉េខាងត្បូង បានឲ្យដឹងនៅថ្ងៃអង្គារនេះថា អ្នកការទូតជាន់ខ្ពស់នៃប្រទេសកូរ៉េខាងត្បូង និងអាល្លឺម៉ង់ បានយល់ព្រមធ្វើការយ៉ាងជិតស្និទ្ធ ដើម្បីធានានូវការឆ្លើយតប «រួមគ្នានិងដ៏រឹងមាំ» ប្រឆាំងនឹងការកើនឡើងនៃកិច្ចសហប្រតិបត្តិការយោធារវាងកូរ៉េខាងជើង និងរុស្ស៊ី។
ក្រសួងការបរទេសកូរ៉េខាងត្បូង បានលើកឡើងនៅក្នុងការសេចក្តីប្រកាសមួយថា អនុរដ្ឋមន្ត្រីការបរទេសទី១ លោក Kim Hong-kyun បានចែករំលែកការប្តេជ្ញាចិត្តជាមួយលោក Thomas Bagger រដ្ឋលេខាធិការទទួលបន្ទុកការិយាល័យការបរទេសសហព័ន្ធអាល្លឺម៉ង់ ក្នុងអំឡុងពេលកិច្ចពិភាក្សាទ្វេភាគីរបស់ពួកគេ នៅទីក្រុងប៊ែរឡាំង កាលពីថ្ងៃចន្ទ (ម៉ោងក្នុងតំបន់)។
លោកគីម កំពុងធ្វើដំណើរទៅប្រទេសពីរនៅអឺរ៉ុប ក្នុងសប្តាហ៍នេះ ដែលនឹងនាំលោកទៅដល់ប្រទេស អេស្ប៉ាញផងដែរ។
ក្រសួងបានបញ្ជាក់ថា អ្នកការទូតទាំងពីររូប «បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ» ដែលបង្កឡើងដោយកិច្ចសហប្រតិបត្តិការយោធារវាងកូរ៉េខាងជើង និងរុស្ស៊ី ចំពោះសន្តិសុខនៅអឺរ៉ុប និងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។
ក្រសួង បានបន្តថា៖«ពួកគេបានគូសបញ្ជាក់អំពីតម្រូវការសម្រាប់ការរួបរួម និងការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ពីសហគមន៍អន្តរជាតិ ហើយបានយល់ព្រមបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា រហូតដល់ទីបញ្ចប់»។