ក្រសួងបង្រួបបង្រួមនៅថ្ងៃអង្គារនេះ បានអំពាវនាវឲ្យកូរ៉េខាងជើង ដោះលែង លោក Choi Chun-gil ជាអ្នកផ្សព្វផ្សាយសាសនាកូរ៉េខាងត្បូង ដែលត្រូវបានឃុំខ្លួននៅក្នុងប្រទេសកូរ៉េខាងជើង និងជនជាតិកូរ៉េខាងត្បូងចំនួន ៥នាក់ផ្សេងទៀត ជាបន្ទាន់និងដោយគ្មានលក្ខខណ្ឌ ក្នុងឱកាសប្រារព្ធខួប ១០ឆ្នាំ ចាប់តាំងពីការចាប់ខ្លួនលោក។
លោក Choi គឺស្ថិតក្នុងចំណោមជនជាតិកូរ៉េខាងត្បូង ៦នាក់ ដែលបច្ចុប្បន្នកំពុងជាប់ឃុំឃាំងអស់ជាច្រើនឆ្នាំ នៅក្នុងប្រទេសកូរ៉េខាងជើង រួមទាំងអ្នកផ្សព្វផ្សាយសាសនពីរនាក់ទៀត គឺ លោក Kim Jung-wook និង លោក Kim Kook-kie ។ លោក Choi ត្រូវបានចាប់ខ្លួន ក្នុងខែធ្នូ ឆ្នាំ ២០១៤ ហើយត្រូវបានកាត់ទោសឲ្យធ្វើការធ្ងន់អស់មួយជីវិត ក្រោមការចោទប្រកាន់ពីបទចារកម្មសម្រាប់សេវាស៊ើបការណ៍សម្ងាត់របស់ប្រទេសកូរ៉េខាងត្បូង។
ក្រសួងបង្រួបបង្រួម បានថ្កោលទោសការអនុវត្តរបស់កូរ៉េខាងជើង ដែលបានឃុំខ្លួនអ្នកផ្សព្វផ្សាយសាសនាទាំងនេះ«ដោយអយុត្តិធម៌និងតាមអំពើចិត្ត» ថា ជាការប៉ុនប៉ង «យ៉ាងច្បាស់» ដើម្បីគាបសង្កត់សេរីភាពខាងសាសនា ឬជំនឿ និងបញ្ឈប់អន្តរជាតិពីការអំពាវនាវឲ្យប្រទេសនេះ កែលម្អស្ថានភាពសិទ្ធិមនុស្សរបស់ខ្លួន។
ក្រសួងបានបញ្ជា្កក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«រដ្ឋាភិបាលកូរ៉េខាងត្បូង ទទូចហើយទទូចទៀត ឲ្យកូរ៉េខាងជើង ដែលជាភាគីនៃសន្និសញ្ញាសិទ្ធិមនុស្សអន្តរជាតិសំខាន់ៗ ឲ្យដោះលែងជនជាតិរបស់យើង ដែលត្រូវបានឃុំខ្លួនដោយខុសច្បាប់ ជាបន្ទាន់និងដោយគ្មានលក្ខខណ្ឌ»។