បាត់ដំបង ៖ អ្នកជំងឺកូវីដ១៩នៅទូទាំងខេត្តបាត់ដំបង ជាពិសេសអ្នកជំងឺកំពុងសម្រាកព្យាបាលនៅតាមសាលារៀន កំពុងត្រូវបានផ្ទេរទៅកាន់មណ្ឌលព្យាបាលថ្មី នៅជាយដែនជាបន្តបន្ទាប់ ដើម្បីយកសាលារៀនប្រគល់ឲ្យសិស្សានុសិស្សសិក្សារៀនសូត្រឡើងវិញ។
មណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩ និងមណ្ឌលចត្តាឡីស័កនៅជាយដែន ត្រូវបានសាងសង់ឡើង កាលពីអំឡុងដើមខែកញ្ញា ដែលការសាងសង់នេះដឹកនាំដោយ នាយឧត្តមសេនីយ៍ ខេង សុមេធ ប្រធានអនុគណៈកម្មការសាងសង់ នៃគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ សហការជាមួយអាជ្ញាធរខេត្តបាត់ដំបង។
មណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩ មានលទ្ធភាពអាចទទួលអ្នកជំងឺបានដល់ចំនួន១៨៨០គ្រែ ចំណែកមណ្ឌលចត្តាឡីស័ក អាចទទួលអ្នកធ្វើចត្តាឡីស័ក បានចំនួន១៨០០គ្រែ។ ចំពោះមណ្ឌលព្យាបាល ត្រូវបានក្រុមការងាររៀបចំទីកន្លែងបានយ៉ាងមានរបៀបរៀបរយដោយក្នុងនោះ បានរៀបចំបន្ទប់អនាម័យត្រឹមត្រូវ កន្លែងលាងដៃ កន្លែងលេងកីឡា និងប្រព័ន្ធកាមេរ៉ាសុវត្ថិភាព ចំណែកមណ្ឌលចត្តាឡីស័ក ក្រុមការងារកំពុងតែរួតរះបញ្ចប់ការងារសាងសង់ ។
ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានណែនាំដល់មន្ទីរសុខាភិបាល ត្រូវសហការជាមួយ អាជ្ញាធរដើម្បីពន្លឿនការផ្ទេរអ្នកជំងឺកូវីដ១៩ និងអ្នកកំពុងធ្វើចត្តាឡីស័ក ចេញពីសាលារៀនមកដាក់នៅ ទីតាំងទាំងនេះ ឲ្យបានឆាប់បំផុត ដើម្បីប្រគល់សាលារៀនទាំងអស់ ឲ្យមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ចាត់ចែងរៀបចំសម្អាត និងបាញ់ថ្នាំសម្លាប់មេរោគមុនបើកទ្វារឲ្យសិស្សានុសិស្សចូលរៀន។
ចាប់ពីថ្ងៃទី១ ខែ វិច្ឆិកា ឆ្នាំ២០២១ ក្រសួងអប់រំ យុវជន និងកីឡា នឹងពង្រីកវិសាលភាព នៃការ បង្រៀន និងរៀនតាមបណ្ដុំសម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅគ្រប់កម្រិត ក្នុងភូមិសាស្រ្ត ទូទាំងរាជធានី-ខេត្តទាំងអស់៕
អត្ថបទ៖ នឿត សុភក្ត្រ