សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ (ទី២ ខែធ្នូ) បានអំពាវនាវឲ្យបន្ធូរបន្ថយការកើនឡើងនូវភាពតានតឹង នៅក្នុងប្រទេសស៊ីរី ជាកន្លែងដែលសម្ព័ន្ធមិត្តរបស់ក្រុមឧទ្ទាម បានវាយដណ្ដើមកាន់កាប់ដែនដីដ៏ធំពីការគ្រប់គ្រងដោយរដ្ឋាភិបាលរបស់ប្រធានាធិបតី Bashar al-Assad នៅក្នុងការវាយលុកដ៏លឿនរហ័សមួយ។
មិនខុសគ្នាដែរ សហភាពអ៊ឺរ៉ុប (EU) ក៏បានអំពាវនាវឲ្យ «ភាគីទាំងអស់នាំគ្នាជួយសម្រាលនូវភាពតានតឹង» នេះ ខណៈដែលអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres បាននិយាយថា លោកមានការភ្ញាក់ផ្អើល ចំពោះអំពើហិង្សានេះ ហើយបានអំពាវនាវឲ្យបញ្ឈប់ជាបន្ទាន់នូវការប្រយុទ្ធគ្នានេះ។
គួរបញ្ជាក់ថា ប្រទេសស៊ីរីមានសង្រ្គាមជាប់មករហូត ចាប់តាំងពីលោក Assad បានបង្ក្រាបការតវ៉ាតាមបែបលទ្ធិប្រជាធិបតេយ្យ ក្នុងឆ្នាំ២០១១។ ជម្លោះនេះបានទាញឲ្យមានការពាក់ព័ន្ធពីមហាអំណាចបរទេស និងក្រុមជីហាដ ហើយបានឆក់យកជីវិតមនុស្ស ៥០០.០០០នាក់។ ភ្លើងសង្រ្គាមនេះភាគច្រើន បានស្ងប់ស្ងាត់ ដោយលោក Assad បានវិលមកគ្រប់គ្រងដែនដីភាគច្រើនរបស់ប្រទេស រហូតដល់សប្តាហ៍មុន ជាពេលដែលសម្ព័ន្ធមិត្តរបស់ក្រុមឧទ្ទាម ចាប់ផ្តើមវាយលុក។
ការវាយប្រហារនេះត្រូវបានគេមើលឃើញថា ដែនដីដ៏ធំរបស់ស៊ីរីធ្លាក់ទៅក្រោមការគ្រប់គ្រងរបស់ក្រុមឧទ្ទាម ក្នុងនោះរួមទាំងទីក្រុង Aleppo ផងដែរ ដោយនេះជាលើកទី២ ហើយ គិតចាប់តាំងពីសង្គ្រាមស៊ីវិលចាប់ផ្តើមផ្ទុះឡើង។
អំឡុងពេលនិយាយទៅកាន់អ្នកសារព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller បានលើកឡើងថា៖ «យើងចង់ឃើញប្រទេសទាំងអស់ប្រើប្រាស់ឥទ្ធិពលរបស់ខ្លួន ពោលគឺប្រើអានុភាពរបស់ពួកគេ ដើម្បីជំរុញឲ្យមានការកាត់បន្ថយការកើនឡើងនូវភាពតានតឹង ការការពារជនស៊ីវិល និងចុងក្រោយ ដំណើរការនយោបាយឆ្ពោះទៅមុខ»៕