ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី RIA នៅថ្ងៃអង្គារ (ទី៣ ខែធ្នូ) នេះ បានរាយការណ៍ថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងសមភាគីបេឡារុស លោក Alexander Lukashenko នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខដ៏សំខាន់មួយ នៅថ្ងៃទី៦ ខែធ្នូ ដែលឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរភូមិសាស្ត្រនយោបាយពិភពលោក។
កិច្ចព្រមព្រៀងនេះនឹងស្ថិតក្នុងចំណោមឯកសារដែលមេដឹកនាំទាំង២ គ្រោងនឹងចុះហត្ថលេខា នៅទីក្រុង Minsk (មីនស្ក៍) រដ្ឋធានីនៃប្រទេសបេឡារុស អំឡុងខួបលើកទី២៥ នៃរដ្ឋសហភាព ដែលជាសហភាពគ្មានព្រំដែន និងសម្ព័ន្ធភាព រវាងអតីតសាធារណរដ្ឋសូវៀតទាំង២ និងប្រទេសជិតខាង។
ទីភ្នាក់ងារនេះ បានដកស្រង់សម្ដីអនុរដ្ឋមន្ត្រីការបរទេសបេឡារុស លោក Igor Nazaruk ដែលបាននិយាយថា៖ «យើងកំពុងគ្របដណ្តប់លើប្រធានបទជាច្រើន ពាក់ព័ន្ធនឹងរដ្ឋ សាធារណៈ សន្តិសុខសេដ្ឋកិច្ច ដែលនិយាយអំពីការធានាស្ថិរភាព ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់យើង»។
ដោយពិពណ៌នាអំពីអ្វីដែលលោកហៅថា កិច្ចព្រមព្រៀង «ដ៏សំខាន់» លោក Nazaruk បានបន្ថែមថា៖ «កិច្ចព្រមព្រមនេះត្រូវបានបង្កើតឡើង ដើម្បីពិចារណាលើការប្រែប្រួលនៃលក្ខខណ្ឌខាងក្រៅ នៅពេលដែលពិភពលោកកំពុងឆ្ពោះទៅរកសណ្ដាប់ធ្នាប់ពិភពលោកពហុមណ្ឌល»។
តែយ៉ាងណាក្ដី ទីភ្នាក់ងារនេះមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនៃកតិកាសញ្ញានេះទេ។ ក្នុងនាមជាប្រធានាធិបតីបេឡារុស លោក Lukashenko បានបន្តក្តាប់អំណាចយ៉ាងរឹងមាំអស់រយៈពេល ៣ទស្សវត្សរ៍កន្លងមក និងជាសម្ព័ន្ធមិត្តដ៏ស្មោះត្រង់របស់លោក Putin ដែលព្រមឲ្យដែនដីរបស់លោកត្រូវបានប្រើជាកន្លែងចាប់ផ្តើម សម្រាប់ការលុកលុយរបស់ទីក្រុងមូស្គូលើអ៊ុយក្រែន នៅឆ្នាំ២០២២៕