រដ្ឋមន្ត្រីការបរទេសលោក Antony Blinken កាលពីថ្ងៃចន្ទ (ទី២ ខែធ្នូ) បាននិយាយថា សហរដ្ឋអាមេរិកនឹងបញ្ជូនកញ្ចប់ជំនួយ ៧២៥លានដុល្លារដល់អ៊ុយក្រែន ដែលរួមមានមីស៊ីល គ្រាប់រំសេវ គ្រាប់មីនប្រឆាំងមនុស្ស និងសព្វាវុធផ្សេងទៀត ខណៈរដ្ឋបាលជិតផុតអាណត្តិរបស់ប្រធានាធិបតី លោក Joe Biden ប្រឹងប្រែងជួយជំរុញទីក្រុងគីវ ក្នុងសង្រ្គាមរបស់ប្រទេសនេះ ជាមួយប្រទេសរុស្សី មុននឹងចាកចេញពីតំណែង ក្នុងខែមករា។
លោក Blinken បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជំនួយនេះនឹងរួមបញ្ចូលទាំងមីស៊ីល Stinger គ្រាប់រំសេវសម្រាប់ប្រព័ន្ធបាញ់រ៉ូកែតចល័ត (HIMARS) យានដ្រូន និងមីនលើដី ក្នុងចំណោមគ្រឿងយុទ្ធោបករណ៍ផ្សេងៗទៀត។ សារព័ត៌មាន Reuters បានរាយការណ៍កាលពីសប្តាហ៍មុនថា រដ្ឋបាលលោក Biden គ្រោងនឹងផ្តល់យុទ្ធោបករណ៍នានា ដែលភាគច្រើនជាអាវុធប្រឆាំងរថក្រោះ ដើម្បីទប់ស្កាត់កងកម្លាំងវាយប្រហាររបស់រុស្ស៊ី។
កងទ័ពរបស់ទីក្រុងមូស្គូ បាន និងកំពុងវាយដណ្តើមគ្រប់គ្រងពីភូមិមួយទៅភូមិមួយ នៅភាគខាងកើតនៃប្រទេសអ៊ុយក្រែន ដែលជាផ្នែកមួយនៃការជំរុញ ដើម្បីដណ្តើមយកតំបន់ឧស្សាហកម្ម Donbas ខណៈដែលការវាយប្រហារតាមអាកាសរបស់រុស្ស៊ី បានកំណត់គោលដៅបណ្តាញថាមពលអ៊ុយក្រែនដែលជួបបញ្ហា នៅពេលដែលរដូវរងា បានចូលមកដល់។
សេចក្តីថ្លែងការណ៍របស់លោក Blinken បានឲ្យដឹងថា៖ «សហរដ្ឋអាមេរិក និងប្រទេសជាង ៥០ទៀត ឈរជាមួយគ្នា ដើម្បីធានាថា អ៊ុយក្រែនមានសមត្ថភាពដែលខ្លួនត្រូវការ ដើម្បីការពារខ្លួនប្រឆាំងនឹងការលុកលុយរបស់រុស្ស៊ី»៕