នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer កាលពីថ្ងៃចន្ទ (ទី២ ខែធ្នូ) បាននិយាយថា ការបង្កើនការគាំទ្រ សម្រាប់អ៊ុយក្រែន គឺជារឿងចាំបាច់ ក្នុងការធ្វើឲ្យប្រទេសនេះស្ថិតនៅក្នុងទីតាំងដ៏រឹងមាំបំផុត សម្រាប់កិច្ចចរចាសន្តិភាព ខណៈដែលលោកបានទទួលស្គាល់ក្នុងលក្ខខណ្ឌច្បាស់លាស់បំផុតថា អាចមានការចរចាបញ្ចប់សង្គ្រាម។
លោក Starmer បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបន្តការគាំទ្ររបស់លោកខាងលិច ចំពោះអ៊ុយក្រែន ហើយបានព្រមានថា ជ័យជម្នះរបស់រុស្ស៊ី នៅអ៊ុយក្រែន នឹងគំរាមកំហែងដល់សន្តិសុខ ស្ថិរភាព និងវិបុលភាពរបស់អឺរ៉ុប ជាពិសេស ព្រោះវាអាចជំរុញសម្ព័ន្ធមិត្តរបស់រុស្ស៊ី។
ក្នុងសុន្ទរកថាមួយ នៅសង្កាត់ហិរញ្ញវត្ថុជាប្រវត្តិសាស្ត្ររបស់ទីក្រុងឡុងដ្រ៍ លោកបាននិយាយថា៖ «យើងត្រូវតែបន្តគាំទ្រអ៊ុយក្រែន និងធ្វើអ្វីដែលប្រទេសនេះត្រូវការ ដើម្បីគាំទ្រដល់ការការពារខ្លួនរបស់ពួកគេ ដរាបណាប្រទេសនេះនៅតែត្រូវការ»។
លោក Starmer បានបន្ថែមថា៖ «ដើម្បីធ្វើឲ្យប្រទេសអ៊ុយក្រែនស្ថិតក្នុងជំហរដ៏រឹងមាំបំផុត សម្រាប់ការចរចា ដើម្បីឲ្យពួកគេអាចទទួលបានសន្តិភាពយ៉ាងយុត្តិធម៌ និងយូរអង្វែង តាមលក្ខខណ្ឌដែលធានាដល់សន្តិសុខ ឯករាជ្យភាព និងសិទ្ធិជ្រើសរើសអនាគតរបស់ពួកគេ»។
ការកត់សម្គាល់របស់លោក Starmer បែបនេះ កើតឡើងក្នុងគ្រាដ៏សំខាន់នៅក្នុងសង្គ្រាមនេះ ដោយរុស្ស៊ីកំពុងរុលទៅមុខក្នុងល្បឿនដ៏លឿនបំផុត គិតចាប់តាំងពីឆ្នាំ២០២២ ហើយប្រធានាធិបតីជាប់ឆ្នោតរបស់អាមេរិក លោក Donald Trump ដែលជំទាស់យ៉ាងខ្លាំង ចំពោះការគាំទ្ររបស់សហរដ្ឋអាមេរិកដល់អ៊ុយក្រែន សន្យាថា នឹងបញ្ចប់សង្រ្គាមយ៉ាងឆាប់រហ័ស បន្ទាប់ពីលោកធ្វើពិធីឡើងកាន់តំណែង នៅថ្ងៃទី២០ ខែមករា៕