ឪពុកម្តាយរបស់នាងនិយាយថា ក្មេងស្រីប៉ាឡេស្ទីនវ័យ ១១ឆ្នាំម្នាក់ បានស្លាប់កាលពីសប្តាហ៍មុន ខណៈពេលព្យាយាមទទួលនំបុ័ងនៅហាងនំបុ័ងមួយកន្លែងដែលមានមនុស្សច្រើនកុះករ ស្ថិតក្នុងតំបន់ហ្កាហ្សាស្រ្ទីប ។
ម្តាយរបស់ក្មេងស្រី Zeina Juha បានរៀបរាប់ពីការស្លាប់របស់កូនស្រីគាត់កាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ពេលដែលហ្វូងមនុស្សចាប់ផ្តើមរុញគ្នានៅហាងនំបុ័ង ស្ថិតក្នុងទីក្រុង Deir Al-Balah ដែលមានចម្ងាយជាច្រើនគ.មពីទីក្រុង Zawayda ជាទីដែលគ្រួសាររបស់គាត់បានរត់ភៀសខ្លួន អំឡុងពេលសង្រ្គាម ។
អ្នកស្រី Karima និយាយថា ខ្ញុំអត់ដឹងថា ពួកគេរុញនាងនោះទេ ព្រះបានដឹង ។ កូនស្រីគាត់ បានដួលនៅក្នុងចំណោមមនុស្ស ហើយពួកគេបានជាន់នាង ។
រូបភាពវីដេអូឃ្លីប ទទួលបានដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ ឃើញភាពវឹកវរកើតឡើងក្នុងហាងនំបុ័ងនៅទីក្រុង Deir Al-Balah ជាទីដែលក្មេងស្រី បានស្លាប់ ។
អ្នកស្រី Karima និយាយថា កូនស្រីរបស់គាត់ បានជួយគ្រួសារស្វែងរកចំណីអាហារ ដោយតម្រង់ជួរនៅហាងនំបុ័ង តម្រង់ជួរត្រងទឹក និងតម្រង់ជួរនៅផ្ទះបាយស៊ុប ។
រយៈពេលជាង ១៣ខែក្នុងយុទ្ធនាការសឹកដ៏បំផ្លិចបំផ្លាញរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា ជាការឆ្លើយតបនឹងការវាយប្រហាររបស់ក្រុមហាម៉ាស់កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ កខ្វះខាត់ធ្ងន់ធ្ងរស្បៀងអាហារ ឱសថ និងទំនិញផ្សេងៗទៀត បណ្តាលឲ្យមានភាពស្រេកឃ្លានធ្ងន់ធ្ងរ ហើយធ្វើឲ្យមានការឈឺចាប់នៅក្នុងចំណោមជនស៊ីវិល ៕