ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំង នៅថ្ងៃសៅរ៍ខាងមុខនេះ ក្នុងដំណើរទស្សនកិច្ចទៅក្រៅប្រទេសលើកដំបូងរបស់លោក ចាប់តាំងពីការបោះឆ្នោត។
លោក Trump បានបង្ហាញនៅក្នុងការបង្ហោះលើបណ្តាញផ្សព្វផ្សាយសង្គម កាលពីថ្ងៃចន្ទថា លោកនឹងចូលរួមក្នុងពិធីបើកឡើងវិញព្រះវិហារ Notre Dame ។ វិហារនេះ ត្រូវបានជួសជុលឡើងវិញ បន្ទាប់ពីអគ្គិភ័យឆាបឆេះដ៏មហន្តរាយ ក្នុងឆ្នាំ២០១៩។
ប្រធានាធិបតីបារាំង លោក Emanuel Macron និងមេដឹកនាំប្រទេសផ្សេងៗទៀត ក៏ត្រូវបានគេរំពឹងថានឹងចូលរួមក្នុងពិធីនេះដែរ។
ប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិក CNN បានដកស្រង់ប្រភពព័ត៌មានដែលនិយាយថា លោក Trump ត្រូវបានអញ្ជើញ ដោយរដ្ឋាភិបាលរបស់ប្រទេសបារាំង។
ក្នុងអំឡុងអាណត្តិដំបូងរបស់លោក Trump លោកនិងលោក Macron បានខ្វែងគំនិតគ្នាជុំវិញតួនាទីរបស់សម្ព័ន្ធយោធាណាតូ ក្នុងចំណោមបញ្ហាផ្សេងទៀត។ ប៉ុន្តែ លោក Macron គឺជាមេដឹកនាំបរទេសដំបូងគេដែលបានអបអរ លោក Trump ក្នុងការជាប់ឆ្នោតឡើងវិញ កាលពីខែវិច្ឆិកា។