ក្រសួងការបរទេសសហរដ្ឋអាមេរិក និយាយថា បទឈប់បាញ់នៅប្រទេសលីបង់ បានជោគជ័យធំទូលាយ ហើយអាមេរិក និងបារាំង នឹងពិនិត្យមើលសេចក្តីរាយការណ៍ពីការបំពានបទឈប់បាញ់ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ។
អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Matthew Miller និយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា ទីក្រុងវ៉ាស៊ីងតោន និងទីក្រុងប៉ារីស នឹងចូលរួមជាមួយយោធាអ៊ីស្រាអែល និងយោធាលីបង់ ដើម្បីពិនិត្យមើលសេចក្តីរាយការណ៍នៃការបំពាន និងដោះស្រាយវាតាមរយៈបណ្តាញនៅក្នុងយន្តការដែលបានបង្កើតឡើងក្នុងកិច្ចព្រមព្រៀង ។
លោក Miller និយាយថា អ្វីដែលពួកយើងបានមើលឃើញ ចាប់តាំងពីបទឈប់បាញ់ចូលជាធរមាន គឺវាបានជោគជ័យ ។ វាបានជោគជ័យក្នុងការបញ្ឈប់ការប្រយុទ្ធគ្នា និងធ្វើឲ្យពួកយើងស្ថិតនៅលើមាគ៌ាដែលពួកយើងលែងមើលឃើញការបាត់បង់អាយុជីវិតមនុស្សរាល់ថ្ងៃ ដែលពួកយើងធ្លាប់មើលឃើញក្នុងរយៈពេល ២ខែមុន ។
លោកបន្តថា បច្ចុប្បន្នពាក់ព័ន្ធនឹងការបំពាន ឬការបំពានដ៏មានសក្តានុពលណាមួយលើបទឈប់បាញ់ ពួកយើងបង្កើតយន្តការពិនិត្យមើលសំនួរមួយនេះ ជាទីដែលសហរដ្ឋអាមេរិក ជាមួយបារាំងនឹងចូលរួមជាមួយយោធាអ៊ីស្រាអែល និងយោធាលីបង់ ដើម្បីពិនិត្យមើលការបំពានដ៏មានសក្តានុពលណាមួយ ។
លោកនិយាយទៀតថា ពួកយើងពិតជាបានគិតថា អាចនឹងមានការបំពាន ពីព្រោះថា រាល់ពេល ឬជិតដល់ពេលដែលមានបទឈប់បាញ់បែបនេះ អ្នកអាចអះអាងថាពីការបំពានបទឈប់បាញ់ ជាពិសេសនៅសប្តាហ៍ដំបូង ពេលដែលអ្វីៗស្រួចស្រាវខ្លាំង ផុយស្រួយខ្លាំង ឬអ្នកមាននូវការបំពានបទឈប់បាញ់ពិតប្រាកដ ៕