អង្គការជំនួយបានបញ្ចេញរូបភាពវីដេអូឃ្លីប ឃើញក្រុមការងាររបស់ពួកគេចែកចាយនំបុ័ងដល់មនុស្សនៅទីក្រុងភាគពាយ័ព្យ Aleppo ក្រោយទីក្រុងមួយនេះ ដណ្តើមបានទៅវិញនៅក្នុងការវាយប្រហារដ៏គួរភ្ញាក់ផ្អើលមួយរបស់ក្រុមឧទ្ទាម ។
គ្រឹះស្ថានជំនួយមនុស្សធម៌ IHH និយាយថា ពួកគេបានចែកចាយនំបុ័ង ៣៦.០០០ដើម នៅមជ្ឈមណ្ឌលទីក្រុង ហើយពួកគេមានបំណងបើកហាងនំបុ័ង និងផ្ទះបាយស៊ុប ដើម្បីផ្តល់ជាអាហារក្តៅៗ ដែលជាផ្នែកមួយនៃកម្មវិធីរដូវរងារបស់ខ្លួនក្នុងទីក្រុង Aleppo ។
អង្គការជំនួយមួយនេះ និយាយផងដែរថា ពួកគេបានផ្តល់ចំណីអាហារ និងកញ្ចប់សំពត់តង់សម្រាប់មនុស្ស ៧០គ្រួសារដែលបានជម្លៀសខ្លួនចេញពីខេត្តភាគខាងលិច Aleppo និងខេត្ត Idlib ទៅកាន់ព្រំដែនទួរគី ។
ក្រុមអ្នកស្រុក និងក្រុមការងារជំនួយ និយាយថា កាលពីថ្ងៃចន្ទម្សិលមិញ យន្តហោះចម្បាំងរដ្ឋាភិបាលស៊ីរី និងរុស្ស៊ី បានបង្កើនការវាយប្រហាររបស់ខ្លួន លើតំបន់គ្រប់គ្រងដោយក្រុមឧទ្ទាម ស្ថិតនៅភាគពាយ័ព្យប្រទេស ។
ការវាយប្រហាររបស់ក្រុមឧទ្ទាមនេះដែរ បានក្លាយជាការងារប្រឈមដ៏ធំបំផុតសម្រាប់ប្រធានាធិបតីស៊ីរីលោក Bashar al-Assad ចាប់តាំងពីឆ្នាំ ២០២០មក ។
ជម្លោះស៊ីរី បានផ្ទុះឡើងនៅក្នុងការបះបោរប្រឆាំងការគ្រប់គ្រងអំណាចរបស់លោក Assadកាលពីឆ្នាំ ២០១១ ហើយក្រុមឧទ្ទាមដណ្តើមតំបន់កាន់កាប់ភាគច្រើននៅខេត្ត Aleppo ចាប់ពីឆ្នាំ ២០១២ រហូតដល់ឆ្នាំ ២០១៦ ពេលដែលកងកម្លាំងរដ្ឋាភិបាល ដណ្តើមវាបានមកវិញ ដោយមានជំនួយពីរុស្ស៊ី និងក្រុមជីវពលគាំទ្រអ៊ីរ៉ង់ នៅក្នុងចំណុចផ្លាស់ប្តូរមួយនៃសង្រ្គាមស៊ីវិលស៊ីរី ៕