អាស៊ាន៖ បណ្ដាមេដឹកនាំអាស៊ានបានចាប់ផ្ដើមជំនួបកំពូលប្រចាំឆ្នាំរបស់ខ្លួននៅថ្ងៃអង្គារនេះ ដោយគ្មានវត្តមានមេដឹកនាំយោធាសហភាពមីយ៉ាន់ម៉ាលោក Min Aung Hlaing ដែលបានផ្ដួលរំលំរដ្ឋាភិបាលស៊ីវិលកាលពីថ្ងៃទី១ ខែកុម្ភៈ ក្នុងការបដិសេធន៍ដ៏កម្រសម្រាប់ក្រុមប្រទេសជាសមាជិកក្នុងតំបន់ ដែលជាធម្មតាត្រូវគេដឹងថាគ្មានការជ្រៀតជ្រែកកិច្ចការប្រទេសណាមួយឡើយ។
លោកប្រធានាធិបតីអាមេរិក Joe Biden នឹងចូលរួមជំនួបនេះតាម video ជាលើកដំបូងក្នុងរយៈពេល ៤ឆ្នាំបន្ទាប់ពីអតីតប្រធានាធិបតី Donald Trump ពុំចូលរួមក្រោយឆ្នាំ២០១៧។ ប៉ុន្តែទំនងជានឹងពុំមានអ្នកតំណាងឲ្យសហភាពមីយ៉ាន់ម៉ានៅជំនួបកំពូលអាស៊ានដែលមានសមាជិក ១០ប្រទេសនោះទេ។ ប្រទេសប្រ៊ុយណេដែលធ្វើជាម្ចាស់ផ្ទះជំនួបកំពូលនេះបាននិយាយថា ប្លុកនេះនឹងអញ្ជើញអ្នកតំណាងមិនពាក់ព័ន្ធនឹងកិច្ចការនយោបាយពីសហភាពមីយ៉ាន់ម៉ាឲ្យចូលរួម ប៉ុន្តែពុំបានបញ្ជាក់ថា អ្នកណានឹងមកចូលរួមតំណាងនោះទេ។ រដ្ឋមន្ត្រីការបរទេសរបស់សហភាពមីយ៉ាន់ម៉ាបាននិយាយកាលពីល្ងាចថ្ងៃចន្ទថា ខ្លួននឹងអនុញ្ញាតឲ្យតែប្រមុខរដ្ឋ ឬអ្នកតំណាងថ្នាក់រដ្ឋមន្ត្រីប៉ុណ្ណោះ ដោយចង្អុលបង្ហាញថា កៅអីរបស់ខ្លួននឹងទុកឲ្យទំនេរនៅជំនួបកំពូលនោះ៕
អត្ថបទ៖ សុខមាន