ប្រភពយោធាក្នុងសម្ព័ន្ធភាពនេះ បានប្រាប់ទីភ្នាក់ងារព័ត៌មាន ANSA របស់អ៊ីតាលីថា អ៊ុយក្រែន បានជូនដំណឹងដល់សម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួនថា ខ្លួននឹងត្រូវការយ៉ាងហោចណាស់ ១២០ ពាន់លានដុល្លារ ដើម្បីបន្តប្រតិបត្តិការយោធា នៅឆ្នាំ ២០២៥ ដែលច្រើនជាង ៤០ពាន់លានអឺរ៉ូ ដែលបានព្រមព្រៀងគ្នា ក្នុងអំឡុងកិច្ចប្រជុំកំពូលរបស់ណាតូ នៅទីក្រុងវ៉ាស៊ីនតោន។
យោងតាមប្រភពបានឲ្យដឹងថា បញ្ហានេះអាចនឹងត្រូវបានលើកឡើងក្នុងកិច្ចប្រជុំបន្ទាប់នៃក្រុមប្រឹក្សា ណាតូ-អ៊ុយក្រែន ដែលគ្រោងនឹងធ្វើឡើង នៅថ្ងៃអង្គារនេះ នៅទីក្រុងប្រ៊ុចសែល ហើយនឹងមានការចូលរួមពីរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន។ បន្ថែមពីលើនេះ វាមិនទាន់ច្បាស់ថាតើទីក្រុងគីវពិចារណាលើប្រាក់ចំណូលចំនួន ៥០ពាន់លានដុល្លារពីទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលត្រូវបានបង្កក ដែលក្រុម G7 បានយល់ព្រមបែងចែកឲ្យអ៊ុយក្រែន ដើម្បីជាផ្នែកមួយនៃទឹកប្រាក់សរុប។
ប្រភពក៏បានកត់សម្គាល់ផងដែរថា អ៊ុយក្រែននឹងមិនទទួលបានការអញ្ជើញជាផ្លូវការណាមួយពីណាតូក្នុងពេលដ៏ខ្លីខាងមុខនេះទេ ដោយសារតែរដ្ឋមន្ត្រីការបរទេសរបស់ខ្លួន មិនអាចណែនាំវាមុនពេលកិច្ចព្រមព្រៀងមួយ ត្រូវបានឈានដល់ រវាងប្រមុខរដ្ឋាភិបាលទាំងអស់។ ANSA បានដកស្រង់សម្ដីលោកដែលបាននិយាយថា៖ «ការពិភាក្សា នៅតែបន្ត ហើយមិនទាន់មានការសម្រេចចិត្ត នៅឡើយទេ»។