ប្រធានសភាលីបង់ លោក Nabih Berri ទាមទារឲ្យអ៊ីស្រាអែល ឈប់រំលោភលើលក្ខខណ្ឌនៃបទឈប់បាញ់ និងដកកងទ័ពរបស់ខ្លួន ចេញពីទឹកដីលីបង់។
លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើបណ្តាញសង្គម X ថា៖«កងកម្លាំងកាន់កាប់របស់អ៊ីស្រាអែល បន្តសកម្មភាពឈ្លានពានរបស់ពួកគេ។ ពួកគេបានរំលោភលើបទឈប់បាញ់ដែលត្រូវបានប្រកាសកាលពីសប្តាហ៍មុន ចំនួន ៥៤ដង»។
លោកបានកត់សម្គាល់ថា៖«គ្រឿងចក្រឈូសឆាយរបស់អ៊ីស្រាអែល បន្តវាយកម្ទេចផ្ទះ នៅភូមិជាប់ព្រំដែន កាំភ្លើងធំ កំពុងបាញ់ផ្លោងនៅតំបន់នោះ ហើយយន្តហោះ កំពុងធ្វើការហោះហើរ ក្នុងទឹកដីលីបង់»។
លោក Berri បានសង្កត់ធ្ងន់ថា៖«យើងទាក់ទាញការយកចិត្តទុកដាក់របស់គណៈកម្មាធិការបច្ចេកទេសសម្រាប់ការតាមដានការអនុវត្តសេចក្តីសម្រេចលេខ ១៧០១របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចំពោះការរំលោភបំពានដ៏ច្រើនបែបនេះ ហើយអំពាវនាវឲ្យប្រទេសនេះ បញ្ចប់ការរំលោភបំពាន ដោយបង្ខំអ្នកឈ្លានពានទាំងនោះឲ្យចាកចេញពីដីលីបង់»។
កិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់លើកដំបូងរវាងអ៊ីស្រាអែល និងលីបង់ ចាប់តាំងពីអរិភាព បានផ្ទុះឡើងក្នុងខែតុលា ឆ្នាំ ២០២៣ បានចូលជាធរមាន នៅព្រឹកថ្ងៃទី ២៧ ខែវិច្ឆិកា។ ប្រធានាធិបតីអាមេរិក លោក Joe Biden បានប្រកាសថា កិច្ចព្រមព្រៀងរវាងរដ្ឋជ្វីហ្វ និងក្រុមហេសបូឡា បានផ្តល់សម្រាប់ការបង្កើតឡើងវិញនូវកងទ័ពលីបង់ និងការគ្រប់គ្រងរបស់កងកម្លាំងសន្តិសុខរដ្ឋលើទឹកដីរបស់ប្រទេសនេះ ក្នុងរយៈពេល ៦០ថ្ងៃ។ បន្ទាប់មក កងទ័ពអ៊ីស្រាអែល នឹងត្រូវដកចេញពីលីបង់ ជាបណ្តើរៗ។