ប្រទេសចិន នៅថ្ងៃអង្គារ (ទី៣ ខែធ្នូ) នេះ បានឲ្យដឹងថា ខ្លួននឹងរឹតបន្តឹងការនាំចេញទៅកាន់សហរដ្ឋអាមេរិកនូវសមាសធាតុសំខាន់ៗមួយចំនួន ដែលយកទៅបម្រើដល់ការផលិតបន្ទះអេឡិចត្រូនិក បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានប្រកាសពីការទប់ស្កាត់ដែលផ្តោតលើសមត្ថភាពរបស់ទីក្រុងប៉េកាំង ក្នុងការផលិតបន្ទះឈីបកម្រិតខ្ពស់។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានលើកឡើងនូវការព្រួយបារម្ភអំពី «សន្តិសុខជាតិ» ក្រសួងពាណិជ្ជកម្មចិន បានប្រាប់ថា ក្នុងចំណោមវត្ថុធាតុដើមដែលត្រូវបានហាមឃាត់មិនឲ្យនាំចេញ មានដូចជា លោហធាតុហ្គាលីញ៉ូម អាន់ទីម៉ូនី និងជឺម៉ានីញ៉ូម ។
ក្រសួងបានបន្តទៀតថា ការនាំចេញធ្យូងថ្ម ដែលជាធាតុផ្សំសំខាន់មួយទៀតនោះ ក៏នឹងត្រូវទទួលរងនូវ «ការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងលើអ្នកប្រើប្រាស់ចុងក្រោយ និងការប្រើប្រាស់ចុងក្រោយ»។
ទីក្រុងប៉េកាំង បានឲ្យដឹងថា៖ «ដើម្បីការពារផលប្រយោជន៍សន្តិសុខជាតិ និងបំពេញកាតព្វកិច្ចអន្តរជាតិ ដូចជាការមិនរីកសាយភាយ ប្រទេសចិនបានសម្រេចចិត្តពង្រឹងការគ្រប់គ្រងលើការនាំចេញទៅកាន់សហរដ្ឋអាមេរិកនូវឧបករណ៍ពាក់ព័ន្ធ ដែលអាចប្រើប្រាស់បានទាំងស៊ីវិល និងយោធា»។ ទីក្រុងនេះបានន្ថែមថា៖ «អង្គការ ឬបុគ្គលណាមួយ ក្នុងប្រទេស ឬតំបន់ណាមួយ ដែលបំពានបទប្បញ្ញត្តិពាក់ព័ន្ធ នឹងត្រូវទទួលខុសត្រូវតាមច្បាប់»។
គួរបញ្ជាក់ថា ជាការទប់ស្កាត់ចុងក្រោយរបស់ខ្លួន ទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃចន្ទ (ទី២ ខែធ្នូ) នេះ បានប្រកាសពីការរឹតបន្តឹងលើការលក់ទៅឲ្យក្រុមហ៊ុនចំនួន ១៤០ ក្នុងនោះរួមទាំងក្រុមហ៊ុនបន្ទះឈីបរបស់ចិន គឺ Piotech និង SiCarrier ដោយគ្មានការអនុញ្ញាតបន្ថែមទៀត៕