កំពង់ចាម៖ ស្ពានព្រែកអាចារ្យសួន បច្ចុប្បន្នជាស្ពានបាឡេត៍ដែលចម្លងអ្នកដំណើរទៅមកស្ថិតក្នុងភូមិ ទួលរកា ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលបានរងការខូចខាត នឹងត្រូវជំនួសដោយស្ពានបេតុងថ្មីនាពេលឆាប់ខាងមុខនេះ។
ឯកឧត្ដម ឧត្ដមសេនីយ៍ទោ សោម សូដេត នាយករងនៃនាយកដ្ឋានកងវិស្វកម្មក្រសួងការពារជាតិ បានបញ្ជាក់ថា ស្ពានបេតុងមួយខ្សែនេះប្រវែង ៩០ម៉ែត្រ ទទឹង ៩ម៉ែត្រ កំពុងស្ថាបនាសម្រេចបានខ្ទង់ ៨៥% ហើយ គ្រោងនឹងបញ្ចប់នាខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ។
សាវតានៃស្ពានព្រែកអាចារ្យសួននេះ ពីមុនជាស្ពានឈើនៅឆ្នាំ១៩៩២ កងវិស្វកម្មសម្ដេចតេជោបានសាងសង់ជាស្ពានបាឡេត៍ ហើយបានរងខូចខាតដោយទឹកជំនន់ទន្លេមេគង្គ ហូរច្រោះគ្រឹះសសរទ្រស្ពានបណ្ដាលឲ្យសសរស្ពានដួលរលំ។
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម បានយកធ្នឹមបណ្ដោះអាសន្នមកដាក់អប ដើម្បីឲ្យប្រជាជនធ្វើចរាចរបណ្ដោះអាសន្ន។ ក្រោយមកនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ កងវិស្វកម្មលេខ ១៨០ ដឹកនាំដោយឯកឧត្ដម ឧត្ដមសេនីយ៍ទោ សោម សូដេត នាយករងនៃនាយកដ្ឋានកងវិស្វកម្មក្រសួងការពារជាតិ តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទបានស្ថាបនាស្ពានបេតុងថ្មីមួយទៀត សម្រាប់ជួយសម្រួលដល់ការធ្វើសំណើរបស់ប្រជាពលរដ្ឋ នៃឃុំពាមកោះស្នាទាំងមូល៕
អត្ថបទ៖ ចេន សុជាតា







