នៅថ្ងៃអង្គារនេះ ពលរដ្ឋរស់នៅក្នុងទីក្រុងបេរូត បានបង្ហាញក្តីកង្វល់របស់ពួកគេចំពោះស្ថានភាពបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ក្រោយផ្ទុះអាវុធដាក់គ្នារវាងភាគីទាំង ២ ធ្វើឲ្យកិច្ចព្រមព្រៀងរៀបចំឡើងដោយសហរដ្ឋអាមេរិក ស្ថិតនៅលើទីតាំងដ៏ផុយស្រួយមួយ រយៈពេលតិចជាង ១សប្តាហ៍ ក្រោយពេលវាចូលជាធរមាន ។
អ្នកស្រី Mona Mahmoud Itani គឺជាពលរដ្ឋលីបង់មួយរូប និយាយថា ពួកយើងត្រូវការនរណាម្នាក់មកពីក្រៅប្រទេស ដើម្បីជួយពួកយើង ឬឈរខាងពួកយើង ដើម្បីបញ្ឈប់សង្រ្គាម បញ្ឈប់អ៊ីស្រាអែលឆ្លងកាត់ព្រំដែន ។
ចំណែកឯលោក Chafic Shehab គឺជាពលរដ្ឋមួយរូបទៀតរស់នៅក្នុងទីក្រុងបេរូត និយាយថា លោកមិនដឹងថាអ្វីនឹងកើតឡើងនោះទេ គ្មាននរណាម្នាក់ដឹងថាអនាគតនឹងទៅជាយ៉ាងណានោះទេ ។
លោកបន្តថា លោកគិតថា ប្រទេសមានអំណាច គួរគាំទ្រមនុស្សក្រីក្រលំបាកវេទនាទាំងអស់នេះ ដែលកំពុងរងការឈឺចាប់ នៅតំបន់ភាគខាងត្បូងលីបង់ និងនៅទីក្រុងបេរូត ។ នេះមិនគួរបណ្តោយឲ្យកើតឡើងនោះទេ វាគឺជាសេចក្តីអាម៉ាស់មួយ ។
មនុស្សយ៉ាងហោច ៩នាក់ ត្រូវបានសម្លាប់ និងមនុស្ស ៣នាក់ផ្សេងទៀត បានរងរបួសកាលពីថ្ងៃចន្ទ ពីការវាយប្រហាររបស់អ៊ីស្រាអែលលើទីក្រុង Talousa និងទីក្រុង Haris ស្ថិតនៅភាគខាងត្បូងប្រទេសលីបង់ ស្របពេលដែលយោធាអ៊ីស្រាអែល និយាយថា ពួកគេបានវាយប្រហារគោលដៅក្រុមហេសបូឡានៅទូទាំងប្រទេស ៕


