កងទ័ពអាកាសអ៊ុយក្រែន និយាយនៅថ្ងៃអង្គារនេះថា យានដ្រូនរុស្ស៊ី បានវាយប្រហារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅតំបន់ភាគខាងលិច Ternopil និង Rivne របស់អ៊ុយក្រែន កាលពីយប់កន្លងទៅ ។
អភិបាលតំបន់លោក Serhiy Nadal និយាយថា ការវាយប្រហារនេះ បណ្តាលឲ្យទីក្រុង Ternopil គ្មានចរន្តអគ្គិសនីប្រើប្រាស់ រយៈពេល ១សប្តាហ៍ ក្រោយការវាយប្រហាររបស់ទីក្រុងម៉ូស្គូ បានធ្វើឲ្យកាត់ផ្តាច់ចរន្តអគ្គិសនីភាគច្រើននៅក្នុងទីក្រុងមួយនេះ និងនៅតំបន់ជុំវិញ ។
សេវាកម្មសង្រ្គោះបន្ទាន់រដ្ឋអ៊ុយក្រែន នៅតំបន់ Ternopil បានបញ្ចេញរូបភាពវីដេអូឃ្លីបឃើញក្រុមជួយសង្រ្គោះ ធ្វើការនៅកន្លែងកើតហេតុ ។
លោក Serhiy និយាយនៅលើបណ្តាញព័ត៌មានសង្គម Telegram របស់លោកថា កម្មករថាមពល និងក្រុមជួយសង្រ្គោះ កំពុងព្យាយាមកាត់បន្ថយផលប៉ះពាល់ដោយសារការវាយប្រហារ ។ ស្តុកទឹក សាកថ្មទូរស័ព្ទរបស់អ្នក ។
តំបន់ Ternopil ស្ថិតនៅចម្ងាយប្រហែល ២២០គ.ម ភាគខាងកើតប្រទេសប៉ូឡូញដែលជាសមាជិករបស់អង្គការណាតូ ។
រុស្ស៊ី បានបើកការវាយប្រហារទ្រង់ទ្រាយធំ ២លើកលើហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែនកាលពីខែវិច្ឆិកាកន្លងទៅ ធ្វើឲ្យមានការកាត់ផ្តាច់អគ្គិសនីនៅទូទាំងប្រទេស មុនការមកដល់រដូវរងា ៕