ក្រុមអាជ្ញាធរនៅក្នុងប្រទេសថៃ និងម៉ាឡេស៊ី ស្ថិតក្រោមការប្រយ័ត្នខ្ពស់សម្រាប់ភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀត រយៈពេលប៉ុន្មានថ្ងៃក្រោយភ្លៀងវស្សាបង្កឲ្យមានទឹកជំនន់សម្លាប់មនុស្សរាប់សិបនាក់ និងមនុស្សរាប់ម៉ឺននាក់ផ្សេងទៀត ជម្លៀសខ្លួន ។
ក្រុមមន្រ្តីនៅប្រទេសទាំង ២ និយាយនៅថ្ងៃអង្គារនេះថា ពួកគេបានបង្កើតជម្រកបណ្តោះអាន្ន និងរៀបចំផែនការជម្លៀសមនុស្សចេញ ជាការត្រៀមខ្លួនសម្រាប់ការភ្លៀងធ្លាក់បន្ថែមទៀតនៅរយៈពេលប៉ុន្មានថ្ងៃខាងមុខ ។
យោងតាមការអះអាងរបស់ក្រសួងបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយថៃ បានឲ្យដឹងថា នៅតំបន់ភាគខាងត្បូងប្រទេសថៃ មនុស្សយ៉ាងហោច ២៥នាក់ បានស្លាប់នៅក្នុងទឹកជំនន់ និងមនុស្សជាង ៣០ម៉ឺនគ្រួសារ បានរងផលប៉ះពាល់ក្នុងរយៈពេល ១សប្តាហ៍កន្លងមកនេះ ។
គិតត្រឹមថ្ងៃចន្ទម្សិលមិញ ក្រសួងសុខភាពសាធារណៈថៃ និយាយថា មនុស្សជម្លៀសខ្លួន ៣៤.៣៥៤នាក់ បន្តស្នាក់នៅក្នុងជម្រករដ្ឋាភិបាលចំនួន ៤៩១កន្លែង ។
នៅក្នុងចំណោមខេត្តរងផលប៉ះពាល់ខ្លាំងជាងគេ គឺខេត្ត Pattani, Narathiwat, Songkhla និងខេត្ត Yala ជាទីដែលរដ្ឋាភិបាល បានបញ្ជូនក្រុមជួយសង្រ្គោះ និងបានផ្តល់ជំនួយ ៥០លានបាត(ស្មើនឹង ១.៤៥លានដុល្លារ)ដល់ខេត្តនិមួយៗ ។ គណៈរដ្ឋមន្រ្តីថៃ បានចុះហត្ថលេខាផងដែរលើការចំណាយ ៩ពាន់បាត(ស្មើនឹង ២៦០ដុល្លារ)ដល់គ្រួសាររងផលប៉ះពាល់និមួយៗ ។
ដោយឡែក នៅក្នុងប្រទេសម៉ាឡេស៊ី រយៈពេល ៥ថ្ងៃនៃភ្លៀងធ្លាក់ខ្លាំងកាលពីសប្តាហ៍មុន បានវាយប្រហារតំបន់ឆ្នេរភាគកើតរបស់ពួកគេ ដោយបានសម្លាប់មនុស្ស ៦នាក់ ហើយនិងបំផ្លិចបំផ្លាញផ្ទះសម្បែង ផ្លូវថ្នល់ នៅដ្ឋភាគឦសាន Kelantan និងរដ្ឋជិតខាង Terengganu ៕