រត់ប្រណាំង៖ កីឡាការិនីរត់ប្រណាំងមកពីប្រទេសអេចូពី Letesenbet Gidey បានបំបែកកំណត់ត្រាពិភពលោកថ្មីរត់ពាក់កណ្តាលម៉ារ៉ាតុង ក្រោយឈ្នះការប្រកួតរត់ពាក់កណ្តាលម៉ារ៉ាតុងនៅទីក្រុង Valencia ប្រទេសអេស្ប៉ាញ។ កីឡាការិនីវ័យ ២៣ឆ្នាំរូបនេះបានមកដល់ទីព្រ័ត្រមុនគេដោយប្រើពេល ៦២នាទី ៥២វិនាទី ដែលថេរវេលានេះល្អជាងកំណត់ត្រាចាស់ ៧០វិនាទីដែលធ្វើបានដោយកីឡាការិនីកេនយ៉ា Ruth Chepngetich។
Gidey ក៏កំពុងកាន់កំណត់ត្រាពិភពលោកផងដែរលើវិញ្ញាសាររត់ ៥០០០ម៉ែត្រ និង ១០០០០ម៉ែត្រ មុនពេលដែលឈ្នះមេដាយសំរឹទ្ធនៅអូឡាំពិកទីក្រុងតូក្យូប្រទេសជប៉ុនថ្មីៗនេះ។ មិត្តរួមជាតិអេចូពីកីឡាការិនី Yalermzerf Yehualaw ទទួលបានចំណាត់ថ្នាក់លេខ២ នៅព្រឹត្តិការណ៍ម៉ារ៉ាតុងទីក្រុង Valencia នេះដោយប្រើពេល ៦៣នាទី ៥១វិនាទី។ Yalermzerf កាលពីដើមឆ្នាំបានបំបែកកំណត់ត្រាពិភពលោករត់ពាក់កណ្តាលម៉ារ៉ាតុងនេះ តែក្រោយមកមិនអាចយកជាផ្លូវការបានដោយការប្រកួតពាក់កណ្តាលម៉ារ៉ាតុង នៅប្រទេសអៀកឡង់ខាងជើងនោះមានចំងាយផ្លូវខ្លីជាង ៥៤ម៉ែត្រ៕
អត្ថបទ៖នាង សុភាវុធ