បណ្តាប្រទេសសហភាពអឺរ៉ុប (EU) នៅថ្ងៃអង្គារ (ទី៣ ខែធ្នូ) នេះ បានត្រៀមខ្លួនរួចជាស្រេច ក្នុងការជំរុញឲ្យមានច្បាប់ប្រឆាំងការជក់បារីកាន់តែតឹងរ៉ឹង ដោយគាំទ្រដល់ការហាមប្រាមការជក់បារី និងបារីអេឡិចត្រូនិក នៅក្នុងតំបន់ហាលវាលជាច្រើន ក្នុងនោះរួមទាំងកន្លែងលេងកម្សាន្តរបស់កុមារ និងហាងកាហ្វេផងដែរ។
សំណើដែលជំរុញឲ្យរដ្ឋជាសមាជិកទប់ស្កាត់ផ្សែងបារី និងបារីអេឡិចត្រូនិក នឹងត្រូវបានលើកមកពិភាក្សា ខណៈដែលរដ្ឋមន្ត្រីសុខាភិបាលមកពីប្រទេសចំនួន ២៧ ជួបប្រជុំគ្នានៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក។
យោងតាមប្រភពការទូត បានឲ្យដឹងថា សំណើនោះទំនងជាត្រូវបានអនុម័ត បើទោះបីជាមានការខ្វែងគំនិតគ្នាផ្នែកនយោបាយ ជុំវិញបញ្ហានេះក៏ដោយ ពេលដាក់បង្ហាញកាលពីសប្តាហ៍មុន ជាពេលដែលសភាអឺរ៉ុប បានបោះឆ្នោតប្រឆាំងនឹងអត្ថបទស្រដៀងគ្នានេះ។
យ៉ាងណាក្ដី សំណើនេះនឹងមិនជាប់ពាក់ព័ន្ធនឹងកាតព្វកិច្ចផ្លូវច្បាប់ឡើយ ដ្បិតបញ្ហាសុខភាព គឺជាដែនសមត្ថកិច្ចរបស់រដ្ឋសមាជិកនីមួយៗ។ ប៉ុន្តែការស្នើឡើងនេះផ្តល់នូវការចង្អុលបង្ហាញ អំពីគោលនយោបាយដែលរដ្ឋាភិបាលអាចអនុវត្តបាន នាពេលអនាគត ខណៈដែលពួកគេប្រឹងប្រែងកាត់បន្ថយការស្លាប់ និងជំងឺទាក់ទងនឹងផ្សែងបារី។
គួរបញ្ជាក់ថា បន្ទាប់ពីមាននូវសំណើដំបូងរបស់គណៈកម្មការអឺរ៉ុប ក្នុងខែកញ្ញា សេចក្តីព្រាងឯកសារមួយអំពាវនាវឲ្យបណ្តាប្រទេស EU ពង្រីកបន្ថែមការរឹតបន្តឹងលើបារី ដើម្បីទប់ស្កាត់ «ផលិតផលថ្មី» ដូចជាឧបករណ៍ថ្នាំជាក់ដែលមានកម្ដៅ និងបារីអេឡិចត្រូនិកដែលមានប្រជាប្រិយភាពខ្លាំងឡើងៗ ក្នុងចំណោមក្រុមមនុស្សវ័យក្មេង៕