អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov នៅថ្ងៃអង្គារ (ទី៣ ខែធ្នូ) នេះ បាននិយាយថា ដំណើរទស្សនកិច្ចនៅប្រទេសរុស្ស៊ីរបស់ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian កំពុងត្រូវបានរៀបចំ ប៉ុន្តែមិនទាន់មានភាពច្បាស់លាស់នៅឡើយទេថា តើវានឹងកើតឡើងនៅពេលណា។
លោក Peskov បាននិយាយថា វាមិនទាន់ច្បាស់ទេថា តើដំណើរទស្សនកិច្ចនឹងកើតឡើង នៅឆ្នាំនេះ ឬយ៉ាងណា ប៉ុន្តែកាលបរិច្ឆេទសម្រាប់ការធ្វើដំណើរ អាចត្រូវបានព្រមព្រៀងគ្នាយ៉ាងឆាប់រហ័ស ប្រសិនបើចាំបាច់។ អំឡុងសន្និសីទព័ត៌មានប្រចាំថ្ងៃ នៅពេលត្រូវបានសួរអំពីបញ្ហានេះ លោក Peskov បានប្រាប់អ្នកសារព័ត៌មានថា៖ «ដំណើរទស្សនកិច្ចបែបនេះ កំពុងត្រូវបានរៀបចំ ហើយការរៀបចំត្រៀមកំពុងដំណើរការ»។
គួរបញ្ជាក់ថា ទីក្រុងមូស្គូកំពុងរៀបចំចុះហត្ថលេខាលើសន្ធិសញ្ញាទ្វេភាគីថ្មីមួយ ជាមួយទីក្រុងតេអេរ៉ង់ ដែលនឹងរួមបញ្ចូលកិច្ចសហប្រតិបត្តិការការពារជាតិកាន់តែជិតស្និទ្ធ ជាប្រភេទនៃសន្ធិសញ្ញាដែលប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin តែងតែចុះហត្ថលេខាដោយផ្ទាល់ជាមួយសមភាគីបរទេសរបស់លោក។
រដ្ឋមន្ត្រីការបរទេស លោក Sergei Lavrov បានប្រាប់ទូរទស្សន៍រដ្ឋកាលពីចុងខែតុលាថា សន្ធិសញ្ញានេះនឹងត្រូវបានចុះហត្ថលេខា «នាពេលខាងមុខ»៕