នៅថ្ងៃពុធ៤ខែធ្នូសប្ដាហ៍នេះ រដ្ឋាភិបាលរបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol បានដកច្បាប់អាជ្ញាសឹកដែលលោកបានដាក់អំឡុងពេលរាត្រីដ៏តានតឹងនៃរឿងនយោបាយដែលក្នុងនោះកងទ័ពបានឡោមព័ទ្ធសភា ហើយសមាជិកសភាបានបោះឆ្នោតបដិសេធការគ្រប់គ្រងដោយយោធា។

អ្នកវិភាគមួយរូបបានប្រាប់សារព័ត៌មានរ៉យទ័រកាលពីថ្ងៃអង្គារ០៣ធ្នូថា ការប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើលនៃច្បាប់អាជ្ញាសឹកដោយប្រធានាធិបតីកូរ៉េខាងត្បូង គឺជាទង្វើដ៏ជ្រុលនិយម ដែលទំនងជាត្រូវបានជំរុញដោយការខកចិត្តរបស់លោកចំពោះបញ្ហានយោបាយ។

សាស្ត្រាចារ្យនៃសកលវិទ្យាល័យ George Washington លោកស្រី Celeste Arrington បាននិយាយថា លោកYoon គឺជាអ្នកនយោបាយគ្មានបទពិសោធន៍ ស្របពេលក្រុមប្រឆាំងគ្រប់គ្រងសំឡេងភាគច្រើននៅសភា។

លោកYoon បានប្រកាសច្បាប់អាជ្ញាសឹកកាលពីថ្ងៃអង្គារដើម្បីរារាំង "កងកម្លាំងប្រឆាំងរដ្ឋ" ក្នុងចំណោមគូប្រជែងរបស់លោក។ ប៉ុន្តែសមាជិកសភាដែលមានកំហឹងបានច្រានចោលក្រឹត្យនេះ ខណៈ ក្រុមអ្នកតវ៉ាបានប្រមូលផ្តុំគ្នានៅខាងក្រៅសភាក្នុងវិបត្តិនយោបាយដ៏ធំបំផុតរបស់ប្រទេសនេះក្នុងរយៈពេលជាច្រើនទសវត្សរ៍។

កូរ៉េខាងត្បូងគឺជាសម្ព័ន្ធមិត្តដ៏សំខាន់បំផុតមួយរបស់អាមេរិកនៅអាស៊ីបូព៌ា។ ដូច្នេះទំនាក់ទំនងរវាងទីក្រុងសេអ៊ូល ក្នុងទីក្រុងវ៉ាស៊ីនតោន គឺមានសារៈសំខាន់សម្រាប់ការប្រឈមនឹងការគំរាមកំហែងរបស់កូរ៉េខាងជើង និងចិន ព្រមទាំងទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងកូរ៉េខាងជើង និងរុស្ស៊ីនាពេលថ្មីៗនេះ ។អ្នកវិភាគរូបនេះបន្ថែមថា ដូច្នេះអស្ថិរភាពនៅទីក្រុងសេអ៊ូលនិងវិបត្តិនយោបាយដែលលោកYoonបញ្ចេញអមដោយការប្រកាសច្បាប់អាជ្ញាសឹកនេះគឺអាចប៉ះពាល់ដល់ផលប្រយោជន៍នៃរដ្ឋបាលរបស់លោក Biden ក្នុងការលើកកម្ពស់ស្ថាបត្យកម្មសម្ព័ន្ធភាពនៅអាស៊ីឦសាន៕