ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បាននិយាយនៅថ្ងៃពុធ (០៤ ធ្នូ) នេះថា លោកនឹងលុបចោលការប្រកាសច្បាប់អាជ្ញាសឹកដ៏គួរឱ្យភ្ញាក់ផ្អើល ដែលលោកបានដាក់កាលពីប៉ុន្មានម៉ោងមុននោះ ដោយយល់ព្រមស្ដាប់តាមការប្រឆាំងរបស់សភា ដែលបានច្រានចោលការប៉ុនប៉ងរបស់លោកក្នុងការហាមឃាត់សកម្មភាពនយោបាយ និងត្រួតពិនិត្យប្រព័ន្ធផ្សព្វផ្សាយ។

នៅក្នុងវិបត្តិនយោបាយដ៏ធំបំផុតរបស់កូរ៉េខាងត្បូងក្នុងពេលជាច្រើនទសវត្សរ៍នេះ លោក Yoon បានធ្វើឱ្យប្រទេសជាតិភ្ញាក់ផ្អើល និងបានប្រកាសច្បាប់អាជ្ញាសឹកកាលពីយប់ថ្ងៃអង្គារ ដើម្បីរារាំង "កងកម្លាំងប្រឆាំងរដ្ឋ" ក្នុងចំណោមគូប្រជែងនយោបាយក្នុងស្រុករបស់ខ្លួន ប៉ុន្តែសមាជិកសភាដែលខឹងសម្បារ បានបដិសេធជាឯកច្ឆ័ន្ទលើក្រឹត្យនេះ។ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ បាននិយាយថា គណៈរដ្ឋមន្ត្រីបានយល់ព្រមនៅព្រឹកថ្ងៃពុធ ដើម្បីលុបចោលច្បាប់អាជ្ញាសឹកមួយនេះ។

ក្រុមអ្នកតវ៉ានៅខាងក្រៅរដ្ឋសភាបានស្រែកហ៊ោ និងទះដៃ ដោយស្រែកថា “យើងឈ្នះហើយ!”។ គណបក្សប្រជាធិបតេយ្យ ដែលជាបក្សប្រឆាំងដ៏សំខាន់ បានអំពាវនាវឱ្យលោក Yoon ដែលកាន់តំណែងតាំងពីឆ្នាំ២០២២មក ឱ្យលាលែងពីតួនាទី បើមិនដូចច្នេះទេនឹងប្រឈមការចោទប្រកាន់ទម្លាក់តំណែង។

ការប្រកាសច្បាប់អាជ្ញាសឹកដ៏គួរឲ្យភ្ញាក់ផ្អើលរបស់លោក Yoon ដែលលោកបានដាក់ក្នុងគោលបំណងប្រឆាំងនឹងសត្រូវនយោបាយ ត្រូវបានបោះឆ្នោតលុបចោលដោយសមាជិកសភាចំនួន ១៩០ រូបក្នុងសភា។ គណបក្សរបស់លោក Yoon ផ្ទាល់ក៏បានជំរុញឱ្យលោកដកក្រឹត្យនេះដែរ។ គួរបញ្ជាក់ថា នៅក្រោមច្បាប់របស់កូរ៉េខាងត្បូង ប្រធានាធិបតីត្រូវតែលុបចោលច្បាប់អាជ្ញាសឹកភ្លាមៗ ប្រសិនបើសភាទាមទារឱ្យធ្វើបែបនោះក្នុងសំឡេងភាគច្រើន៕