ក្រសួងហិរញ្ញវត្ថុកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃពុធ (០៤ ធ្នូ) នេះថា ខ្លួនបានត្រៀមរួចជាស្រេចដើម្បីដាក់ពង្រាយវិធានការសន្ទនីយភាព ឬទ្រព្យសម្បត្តិងាយបម្លែងជាសាច់ប្រាក់ "គ្មានដែនកំណត់" ទៅក្នុងទីផ្សារហិរញ្ញវត្ថុប្រសិនបើចាំបាច់ បន្ទាប់ពីលោកប្រធានាធិបតី Yoon Suk Yeol បានដកសេចក្តីប្រកាសច្បាប់អាជ្ញាសឹក ក្រោយបានដាក់ពេញមួយយប់ ដែលបានរុញច្រានប្រាក់វ៉ុនធ្លាក់ដល់កម្រិតទាបបំផុតក្នុងពេលជាច្រើនឆ្នាំ។

ការប្រកាសនេះបានធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក ឆយ សាងម៉ុក (Choi Sang-mok) និងទេសាភិបាលធនាគារកណ្តាលកូរ៉េ BOK លោក រី ឆាងយ៉ុង (Rhee Chang-yong) បានបើកកិច្ចប្រជុំបន្ទាន់មួយនៅពេលយប់ ហើយនៅមុនសម័យប្រជុំវិសាមញ្ញរបស់ធនាគារកណ្ដាល ដែលបានគ្រោងទុកភ្លាមៗនៅម៉ោង ៩ព្រឹក (ម៉ោងក្នុងស្រុក) នៅថ្ងៃពុធនេះ។

រដ្ឋាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "គ្រប់វិស័យហិរញ្ញវត្ថុទាំងអស់ ទីផ្សាររូបិយបណ្ណ FX ក៏ដូចជាផ្សារភាគហ៊ុនទាំងអស់នឹងដំណើរការជាធម្មតា។ យើងនឹងដាក់បញ្ចូលវិធានការទ្រព្យងាយបម្លែងជាសាច់ប្រាក់ គ្មានដែនកំណត់ទៅក្នុងភាគហ៊ុន មូលបត្របំណុល ទីផ្សាររូបិយបណ្ណរយៈពេលខ្លី រួមទាំងផ្នែកផ្សេងៗទៀត សម្រាប់ពេលបច្ចុប្បន្ននេះ រហូតដល់មានភាពធម្មតាពេញលេញវិញ"។

ប្រាក់វ៉ុនរបស់កូរ៉េខាងត្បូង ដែលបានឡើងបន្តិចនៅព្រឹកថ្ងៃពុធនេះ បានធ្លាក់ចុះទៅកម្រិតទាបរយៈពេលពីរឆ្នាំនៃ ១.៤៤៣,៤០វ៉ុនក្នុងមួយដុល្លារ កាលពីពេលយប់ បន្ទាប់ពីលោក Yoon បានលុបចោលការប្រកាសច្បាប់អាជ្ញាសឹកដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ខ្លួន ដោយសារសភាបោះឆ្នោតប្រឆាំងនឹងវិធានការនេះ៕