លោក ជឺរី ពលរដ្ឋខ្មែររស់នៅអាមេរិក បានផ្តាំទៅបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសទាំងអស់ថា ប្រសិនបើស្តាប់ការញុះញង់របស់ក្រុមប្រឆាំងជ្រុលនិយម នឹងក្លាយជាមនុស្សផ្ការីកផ្ការោយអស់ក្តីសង្ឈឹមនាពេលអនាគត ខណៈរាល់សកម្មភាពអុចអាលទាំងអស់របស់ជនក្បត់ជាតិ គឺដើម្បីធ្វើយ៉ាងណាឲ្យសេដ្ឋកិច្ចកម្ពុជាដួលរំលំ និងឲ្យពលរដ្ឋខ្មែរដែលស្តាប់តាមពួកគេជាប់ពន្ធនាគារ ដោយការណ៍នេះជាគោលបំណងឲ្យបរទេសដាក់សម្ពាធលើរាជរដ្ឋាភិបាលតែប៉ុណ្ណោះ។
តាមរយៈវិដេអូឃ្លីប ដែលបានចាក់ផ្សាយបន្តដោយផេកហ្វេសបុកសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជានាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤នេះ លោក ជឺរី បានថ្លែងថា បងប្អូនប្រជាពលរដ្ឋទាំងអស់គប្បីត្រូវចេះថ្លឹងថ្លែង និងពិចារណាឲ្យបានច្បាស់លាស់បំផុត មុននឹងធ្វើតាមការញុះញង់របស់ជនក្បត់ជាតិ ដែលកំពុងនីរទេសខ្លួននៅក្រៅប្រទេស ខណៈជននេះបាន ប្រកាសធ្វើយុទ្ធសាស្រ្ត«ផ្ការីក» ដើម្បីផ្តួលរំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតនោះ។
លោកជឺរី បានបញ្ជាក់ថា យុទ្ធសាស្រ្តី«ផ្ការីក»របស់ជនក្បត់ជាតិ និងបក្សពួកដែលបានប្រកាសថា ពេលគេជាប់ឆ្នោតគេនឹងប្រមូលលុយពីក្រុមនាយទុនយកទៅចែកជូនប្រជាពលរដ្ឋក្រីក្រនោះ គឺជាការញុះញង់មិនអាចទទួលយកបាននោះទេ ដែលការអុចអាលបែបនេះនឹងធ្វើឲ្យបរទេសខ្លាចមិនហ៊ានធ្វើការវិនិយោគនៅស្រុកខ្មែរបន្តទៀត ដូច្នេះសេដ្ឋកិច្ចកម្ពុជាអាចនឹងធ្លាក់ប្រសិនបើគ្មានគេមកបណ្តាក់ទុនហើយ ដរាបណាគេមិនហ៊ានបណ្តាក់ទុននោះពលរដ្ឋខ្មែរនឹងគ្មានការងារធ្វើ ខណៈកត្តានេះហើយដែលក្រុមប្រ ឆាំងជ្រុលនិយមទាំងនោះចង់បាន និងចាំអបអរសាទរពេលដែលពួកគេឃើញសេដ្ឋកិច្ចខ្មែរដាំក្បាលចុះនោះ។
យ៉ាងណាក៏ដោយលោក ជឺរី បានអំពាវនាវយ៉ាងទទួចដល់ប្អូនទាំងអស់ទាំងក្នុង និងក្រៅប្រទេសគប្បីកុំចូលរួមរាល់សកម្មភាពញុះញង់របស់ក្រុមក្បត់ជាតិនេះឲ្យសោះ បងប្អូននឹងជួបនៅគ្រោះមហន្តរាយ ពីព្រោះថាចលនានេះ(យុទ្ធសាស្រ្តផ្ការីក) វាជាចលនាមួយដែលខុសនឹងច្បាប់ ដោយនឹងគ្មានអន្តរជាតិ ណាមួយគេមកជួយបងប្អូនបាននោះទេ ខណៈកាលណាយើងចូលរួមនូវសកម្មភាពខុសច្បាប់ទាំងនេះ អាជ្ញាធរនឹងចាត់វិធានការឃាត់ខ្លួនយើងជាក់ជាមិនខាននោះឡើយ ហើយតុលាការនឹងយកបងប្អូនទៅ កាត់ទោសទៅតាមច្បាប់ជាធរមានផងដែរ។ លោកជឺរី ក៏បានលើកឡើងផងដែរថា អ្នកដែលប្រកាសហើយតាំងខ្លួនថាជាអ្នកស្នេហាជាតិនោះ គឺពួកគេកំពុងសោយសុខនៅក្រៅប្រទេសតែប៉ុណ្ណោះ ហើយបង ប្អូនស្តាប់ និងធ្វើតាមការញុះញងរបស់ពួកគេ ខណៈយើងកំពុងមានឱពុកម្តាយ ប្តី ប្រពន្ធ និងកូននៅស្រុក ហើយជាក៏ជាពលករធ្វើការនៅស្រុកគេផងដែរ ដូច្នេះអ្នកដែលជួបគ្រោះមហន្តរាយគឺបងប្អូនតែប៉ុណ្ណោះ៕ អត្ថបទ៖ បាន ចក់
