ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា កាលពីរសៀលថ្ងៃទី៣ ខែធ្នូ កន្លងទៅ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការរៀបចំសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៤ និងទិសដៅអនុវត្តឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខ។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ដ្រី បានណែនាំឱ្យអង្គប្រជុំផ្តោតលើការអនុវត្តកម្មវិធី និងសូចនាករសមិទ្ធកម្មដែលសម្រេចបាន ទាំងទិដ្ឋភាពបច្ចេកទេស និងទិដ្ឋភាពនយោបាយ គ្រប់អនុវិស័យទាំងអស់ដូចជា ការងារកសិកម្ម ផលិតកម្មសត្វ ជលផល ព្រៃឈើ និងគ្រឹះស្ថានអប់រំ ដោយវាយតម្លៃឱ្យបានច្បាស់លាស់ និងបង្កើតនូវវីដេអូបង្ហាញពីសមិទ្ធផលនានា ដែលជាការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ដ្រី បានផ្តល់អនុសាសន៍ឱ្យអង្គប្រជុំត្រូវរៀបចំសន្និបាតឱ្យបានទាន់ពេលវេលា ពិនិត្យខ្លឹមសារឱ្យបានត្រឹមត្រូវ មានតួលេខនិងផែនការច្បាស់លាស់ និងត្រៀមខ្លួនគិតគូរអំពីទិសដៅការងារ ឆ្នាំ២០២៥ ដោយគិតគូរពីកម្មវិធីគោលនយោបាយអាទិភាពវិស័យកសិក ម្ម ការរួមចំណែកនៃវិស័យកសិកម្មនៅក្នុងកំណើនសេដ្ឋកិច្ច និងការកសាងសហគមន៍ទំនើប ទូទាំងប្រទេស៕






