អ្នកបង្កើតគោលនយោបាយចិនជាន់ខ្ពស់របស់កោះតៃវ៉ាន់ នៅថ្ងៃពុធ (០៤ ធ្នូ) នេះបាននិយាយថា ការគំរាមកំហែងផ្នែកយោធារបស់ចិន ពុំមានផលល្អចំពោះគ្នាទេ ហើយនឹងរុញច្រានឱ្យភាគីទាំងពីរកាន់តែឃ្លាតឆ្ងាយ ខណៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន បានព្រមានពីការឆ្លើយតបយ៉ាងខ្លាំងក្លាចំពោះដំណើរសំចតរបស់មេដឹកនាំតៃវ៉ាន់ នៅសហរដ្ឋអាមេរិក។

ប្រទេសចិន ដែលអះអាងសិទ្ធិលើកោះស្វ័យគ្រប់គ្រងតៃវ៉ាន់ បានសម្តែងការខឹងសម្បារចំពោះដំណើរសំចតរបស់លោក Lai Ching-te ទៅកាន់កោះហាវ៉ៃ ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសចំនួនបីនៅប៉ាស៊ីហ្វិក ដែលរក្សាទំនាក់ទំនងការទូតផ្លូវការជាមួយទីក្រុងតៃប៉ិ។

នៅក្នុងការអត្ថាធិប្បាយនៅលើគេហទំព័ររបស់ខ្លួននៅថ្ងៃពុធ ទូរទស្សន៍រដ្ឋចិនបាននិយាយថា គោលបំណងពិតប្រាកដនៃការឆ្លងកាត់របស់លោក Lai គឺចង់ "ពឹងផ្អែកលើអាមេរិកដើម្បីស្វែងរកឯករាជ្យ" ដែលបង្ហាញថា លោកគឺជាអ្នកបំផ្លាញសន្តិភាពពិតប្រាកដនៅច្រកសមុទ្រតៃវ៉ាន់។
លោក Lai នឹងចំណាយពេលមួយយប់នៅលើទឹកដីអាមេរិកនៃកោះហ្គាំ (Guam) នៅថ្ងៃពុធនេះ ក្នុងអ្វីដែលបានប្រកាសជាផ្លូវការថាគ្រាន់តែជាការឈប់សំចតប៉ុណ្ណោះ ប៉ុន្តែលោកបានចំណាយពេលពីរថ្ងៃរួចទៅហើយនៅកោះហាវ៉ៃ ជាទីដែលលោកជួបអភិបាលរដ្ឋ ថ្លែងសុន្ទរកថា ថែមទាំងទៅកាន់វិមានអនុស្សាវរីយ៍សង្គ្រាមលោកលើកទីពីរផងដែរ។
ប្រភពសន្តិសុខបានប្រាប់សារព័ត៌មានរ៉យទ័រថា ប្រទេសចិន អាចធ្វើហ្គេមសង្រ្គាមថ្មីនៅជុំវិញកោះតៃវ៉ាន់ នៅដើមចុងសប្តាហ៍នេះ ដើម្បីឆ្លើយតបទៅនឹងដំណើរនោះ៕