អ៊ីស្រាអែល បានគំរាមកាលពីថ្ងៃអង្គារថា នឹងវិលទៅរកសង្រ្គាមនៅក្នុងប្រទេសលីបង់វិញ ប្រសិនបើបទឈប់បាញ់របស់ខ្លួនជាមួយក្រុមហេសបូឡា ត្រូវដួលរលំ និងបាននិយាយថា ពេលនេះ ការវាយប្រហាររបស់ខ្លួននឹងកាន់តែចូលជ្រៅ និងកំណត់គោលដៅលើរដ្ឋលីបង់ផ្ទាល់។

នៅក្នុងការគំរាមកំហែងខ្លាំងបំផុតរបស់ខ្លួន ចាប់តាំងពីបទឈប់បាញ់ត្រូវបានព្រមព្រៀងដើម្បីបញ្ចប់សង្រ្គាមរយៈពេល១៤ខែជាមួយក្រុមហេសបូឡា អ៊ីស្រាអែលបាននិយាយថា ខ្លួននឹងឲ្យប្រទេសលីបង់ទទួលខុសត្រូវ ចំពោះការបរាជ័យក្នុងការដកហូតអាវុធក្រុមសកម្មប្រយុទ្ធ ដែលបំពានបទឈប់បាញ់។

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Katz បាននិយាយថា «ប្រសិនបើយើងត្រឡប់ទៅរកសង្រ្គាមវិញ យើងនឹងធ្វើសកម្មភាពខ្លាំង យើងនឹងចូលកាន់តែជ្រៅ ហើយអ្វីដែលសំខាន់បំផុតដែលពួកគេត្រូវដឹង នោះគឺ នឹងពុំមានការលើកលែងសម្រាប់រដ្ឋលីបង់ទៀតទេ។
ទោះបីជាមានបទឈប់បាញ់កាលពីសប្តាហ៍មុនក៏ដោយ កងកម្លាំងអ៊ីស្រាអែល បានបន្តការវាយប្រហារប្រឆាំងទៅនឹងអ្វីដែលពួកគេនិយាយថា ក្រុមអ្នកប្រយុទ្ធហេសបូឡា មិនអើពើនឹងកិច្ចព្រមព្រៀងដើម្បីបញ្ឈប់ការវាយប្រហារ និងដកខ្លួនចេញពីទន្លេ Litani ដែលមានចម្ងាយប្រហែល៣០ គីឡូម៉ែត្រពីព្រំដែនឡើយ។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា ការបំពានណាមួយនៃបទឈប់បាញ់ នឹងត្រូវបានដាក់ទណ្ឌកម្ម ទោះបីតិចតួចក៏ដោយ។ លោកបាននិយាយថា «យើងនឹងពង្រឹងបទឈប់បាញ់នេះដោយកណ្តាប់ដៃដែក»។ លោកបានបញ្ជាក់ថា «បច្ចុប្បន្នយើងកំពុងស្ថិតក្នុងបទឈប់បាញ់ ហើយបទឈប់បាញ់ពុំមែនជាការបញ្ចប់សង្គ្រាមនោះទេ»។