មេដឹកនាំអ៊ីស្រាអែល បានសាទរ កាលពីថ្ងៃអង្គារ ចំពោះ ការសន្យារបស់ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក Donald Trump ថានឹងមាន «ផលវិបាកធ្ងន់ធ្ងរ» នៅតំបន់មជ្ឈិមបូព៌ា លុះត្រាតែចំណាប់ថ្នូរដែលត្រូវបានឃុំខ្លួននៅតំបន់ហ្កាហ្សាស្ទ្រីបត្រូវបានដោះលែង នៅមុនថ្ងៃចូលកាន់តំណែងរបស់លោក នៅថ្ងៃទី២០ ខែមករា ខាងមុខនេះ។

ដោយសរសេរនៅលើបណ្តាញសង្គម Truth Social និងពុំបានបញ្ចេញឈ្មោះក្រុមណាមួយ លោក Trump បាននិយាយថា ចំណាប់ថ្នូរ ត្រូវតែបានដោះលែង នៅមុនពេលលោកស្បថចូលកាន់តំណែង។
ប្រសិនបើការទាមទាររបស់លោក ពុំត្រូវបានបំពេញ លោកនិយាយថា អ្នកទាំងឡាយ ដែលទទួលខុសត្រូវនឹងត្រូវទទួលរងផលវិបាកកាន់តែធ្ងន់ធ្ងរ។

ក្នុងអំឡុងការវាយប្រហារដ៏បង្ហូរឈាមក្នុងឆ្នាំ២០២៣ ទៅលើអ៊ីស្រាអែល ក្រុមសកម្មប្រយុទ្ធដឹកនាំដោយក្រុមហាម៉ាស បានចាប់ខ្លួនមនុស្សជាង២៥០នាក់។ អ្នកមួយចំនួនត្រូវបានដោះលែង ប៉ុន្តែប្រហែលពាក់កណ្តាលនៃពួកគេនៅតែស្ថិតនៅក្នុងតំបន់ហ្កាហ្សា ទោះបីជាយ៉ាងហោចណាស់មួយភាគបីនៃអ្នកទាំងនោះ ត្រូវបានគេជឿថាបានស្លាប់ក៏ដោយ។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu និងរដ្ឋមន្ត្រីជាច្រើនរូប បានអរគុណជាសាធារណៈដល់លោក Trump សម្រាប់ពាក្យសម្ដីដ៏មុះមុតរបស់លោក។