ប្រមុខសម្ព័ន្ធយោធាដឹកនាំដោយអាមេរិក បាននិយាយកាលពីថ្ងៃអង្គារសប្ដាហ៍នេះថា សម្ព័ន្ធណាតូ ត្រូវផ្តោតលើការផ្តល់ជំនួយផ្នែកយោធាបន្ថែមទៀតដល់អ៊ុយក្រែន ទើបអាចបញ្ឈប់ការរុលទៅមុខយឺតៗរបស់រុស្ស៊ីបាន ហើយល្អជាងការពិភាក្សាពីអ្វីដែលអាចមានជាកិច្ចព្រមព្រៀងសន្តិភាព។

បណ្ដារដ្ឋមន្ត្រីការបរទេសមកពីរដ្ឋសមាជិកចំនួន ៣២ នៃសម្ព័ន្ធភាពយោធានេះ កំពុងប្រមូលផ្តុំគ្នារយៈពេល២ថ្ងៃពីថ្ងៃអង្គារទី៣ដល់ពុធទី៤ធ្នូសប្ដាហ៍នេះ នៅទីក្រុងព្រុចសែលសម្រាប់កិច្ចប្រជុំ ផ្ដោតសំខាន់លើរបៀបវារៈសង្រ្គាមអ៊ុយក្រែន។

អគ្គលេខាធិការណាតូលោក Mark Rutte បានប្រាប់អ្នកសារព័ត៌មានក្នុងសន្និសីទសារព័ត៌មានប៉ុន្មានម៉ោងមុនពេលចាប់ផ្តើមនៃកិច្ចប្រជុំកំពូលថា រឿងសំខាន់បំផុតដែលយើងត្រូវធ្វើនៅពេលនេះ គឺត្រូវប្រាកដថា អ៊ុយក្រែន ត្រូវមានជំហររឹងមាំ មុនសម្រេចចិត្តដើរចូលតុចរចាណាមួយ។

អ៊ុយក្រែនមិនត្រូវការគំនិតបន្ថែមទៀត នូវអ្វីដែលអាចជាដំណើរការសន្តិភាពនោះទេ។
លោកបានបន្ថែមថា ហើយនោះជាអ្វីដែលយើងនឹងផ្តោតយ៉ាងខ្លាំងទៅលើរយៈពេលពីរថ្ងៃនៃជំនួបកំពូល ដែលជាមធ្យោបាយទទួលបានជំនួយយោធាសម្រាប់អ៊ុយក្រែន មីស៊ីលបន្ថែមទៀតនិង ការសម្របសម្រួលកាន់តែប្រសើរនូវអ្វីគ្រប់យ៉ាងដែលយើងកំពុងធ្វើ។
កិច្ចប្រជុំនេះនឹងក្លាយជាកិច្ចប្រជុំចុងក្រោយដែលចូលរួមដោយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken ខណៈរដ្ឋបាលថ្មីរបស់អាមេរិកដឹកនាំដោយលោក Donald Trump នឹងត្រូវចូលកាន់តំណែងនៅថ្ងៃទី ២០ ខែមករា។ ប្រធានាធិបតីជាប់ឆ្នោតមកពីគណបក្សសាធារណរដ្ឋរូបនេះ បានអះអាងថាលោកអាចបញ្ឈប់សង្គ្រាមក្នុងរយៈពេលប៉ុន្មានថ្ងៃនៃការចូលកាន់តំណែង ដោយបង្កឱ្យមានក្ដីបារម្ភថាទីក្រុងវ៉ាស៊ីនតោនអាចកាត់បន្ថយការគាំទ្ររបស់ខ្លួនចំពោះទីក្រុង Kyiv និងដាក់សម្បទានទឹកដីដ៏ឈឺចាប់ជាផ្នែកនៃកិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៊ី៕