យោងតាមរបាយការណ៍របស់សាលាសុខភាពសាធារណៈនៃសាកលវិទ្យាល័យ Yale បានឱ្យដឹងថា យន្តហោះ និងមូលនិធិប្រធានាធិបតីរុស្ស៊ី ត្រូវបានប្រើប្រាស់នៅក្នុងកម្មវិធីមួយ ដែលនាំយកកុមារពីទឹកដីអ៊ុយក្រែន ដែលបានចូលកាន់កាប់ ដោយដកហូតអត្តសញ្ញាណអ៊ុយក្រែន ហើយដាក់ជាមួយគ្រួសាររុស្ស៊ី។

ការស្រាវជ្រាវគាំទ្រដោយក្រសួងការបរទេសសហរដ្ឋអាមេរិក ចេញផ្សាយ កាលពីថ្ងៃអង្គារ ទី ៣ ខែធ្នូ បានកំណត់អត្តសញ្ញាណកុមារអ៊ុយក្រែនចំនួន៣១៤នាក់ ត្រូវបាននាំយកទៅប្រទេសរុស្ស៊ីកាលពីដើមខែនៃសង្រ្គាមនៅអ៊ុយក្រែន ជាផ្នែកមួយនៃអ្វីដែលខ្លួននិយាយថា ជាកម្មវិធីផ្តល់មូលនិធិដោយវិមានក្រឹមឡាំង ដើម្បីធ្វើឲ្យពួកគេមានអត្តចរិករុស្ស៊ី។

កាលពីខែមីនា ឆ្នាំ២០២៣ តុលាការព្រហ្មទណ្ឌអន្តរជាតិ បានចេញដីកាចាប់ខ្លួនប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងស្នងការទទួលបន្ទុកសិទ្ធិកុមារ លោកស្រី Maria Lvova-Belova ពីបទឧក្រិដ្ឋកម្មសង្រ្គាមនៃការនិរទេសកុមារអ៊ុយក្រែន។
នៅពេលនោះ លោកស្រី Lvova-Belova បាននិយាយថា គណៈកម្មាការរបស់លោកស្រី មានចំណាត់ការផ្អែកលើហេតុផលមនុស្សធម៌ ដើម្បីការពារកុមារនៅក្នុងតំបន់ ជាកន្លែងដែលសកម្មភាពយោធាកំពុងកើតឡើង។
របាយការណ៍ថ្មី ដែលត្រូវបានចែករំលែកជាមួយសារព័ត៌មាន Reuters បានផ្តល់ព័ត៌មានលម្អិតអំពីកម្មវិធីនិរទេសដែលត្រូវបានចោទប្រកាន់ និងបុគ្គលដែលពាក់ព័ន្ធ រួមទាំងអ្វីដែលអ្នកស្រាវជ្រាវ បាននិយាយថា គឺជាការជាប់ពាក់ព័ន្ធថ្មីជាមួយ លោក ពូទីន។
ការស្រាវជ្រាវ ផ្តល់នូវភស្តុតាងគាំទ្រដល់ការចោទប្រកាន់បន្ថែមដោយតុលាការព្រហ្មទណ្ឌអន្តរជាតិ(ICC) ប្រឆាំងលោក Putin ពី «ការផ្ទេរដោយបង្ខំ» នៃមនុស្សពីក្រុមប្រទេសមួយ និងជនជាតិមួយទៅក្រុមប្រទេសមួយទៀត។ របាយការណ៍នេះ បានបង្ហាញពី «ការនិរទេសកុមារអ៊ុយក្រែន គឺជាផ្នែកមួយនៃកម្មវិធីជាប្រព័ន្ធដឹកនាំដោយវិមានក្រឹមឡាំងដើម្បីធ្វើឱ្យពួកគេក្លាយជាពលរដ្ឋរុស្ស៊ី។