ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានអំពាវនាវកាលពីថ្ងៃអង្គារ (០៣ ធ្នូ) សម្រាប់ការពង្រឹងខ្សែប្រយុទ្ធសំខាន់ៗនៅភាគខាងកើតអ៊ុយក្រែន នៃជួរមុខចម្ងាយ ១.០០០គីឡូម៉ែត្រ ជាទីដែលកងកម្លាំងរុស្ស៊ី វាយរុលក្នុងល្បឿនដ៏លឿន និងដណ្ដើមបានភូមិជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។

លោក Zelenskiy បានចេញសេចក្តីអំពាវនាវនេះ ខណៈដែលក្រសួងការពារជាតិរុស្ស៊ីនិយាយថា កងទ័ពរបស់ខ្លួនបានដណ្ដើមបានភូមិជួរមុខថ្មីចំនួនពីរ ដោយមួយនៅក្នុងតំបន់ ដូណិត (Donetsk) ដែលជាតំបន់ផ្តោតសំខាន់នៃសង្រ្គាមអាយុកាល ៣៣ខែរបស់ខ្លួន និងមួយទៀតនៅចុងភាគខាងត្បូងក្នុងតំបន់ ហ្សាប៉ូរីសៀ (Zaporizhzhia)។

នៅក្នុងសុន្ទរកថាតាមវីដេអូពេលយប់របស់ខ្លួនបន្ទាប់ពីបានពិភាក្សាជាមួយប្រមុខបញ្ជាការជាន់ខ្ពស់របស់អ៊ុយក្រែន លោក Zelenskiy បានទទូចសម្ព័ន្ធមិត្តលោកខាងលិចរបស់ទីក្រុងគីវ ឱ្យផ្តល់សព្វាវុធសំខាន់ៗបន្ថែមឱ្យបានទាន់ពេលវេលា។

សហរដ្ឋអាមេរិក ដែលជាអ្នកផ្គត់ផ្គង់ជំនួយយោធាដ៏ធំបំផុតដល់អ៊ុយក្រែន បានប្រកាសកញ្ចប់ជំនួយយោធាចុងក្រោយរបស់ខ្លួនកាលពីថ្ងៃចន្ទ ដែលមានតម្លៃប្រហែល ៧២៥លានដុល្លារ ប៉ុន្តែអ៊ុយក្រែននៅតែព្រួយបារម្ភអំពីអនាគតនៃការបន្តបំពាក់អាវុធរបស់ទីក្រុងវ៉ាស៊ីនតោន ក្រោមការដឹកនាំរបស់ប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump ដែលបានសន្យាបញ្ចប់សង្គ្រាមឆាប់រហ័ស៕