តុលាការប្រទេសទួរគី បានកាត់ទោសឲ្យជាប់ពន្ធនាគារអ្នកតវ៉ាចំនួន៩នាក់ ដែលតុលាការមិនទាន់បានចេញសាលក្រមស្ថាពរ កាលពីថ្ងៃអង្គារ ទី៣ ខែធ្នូ ជាអ្នកដែលបានរំខានដល់សុន្ទរកថារបស់លោកប្រធានាធិបតី Tayyip Erdogan នៅទីក្រុងអ៊ីស្តង់ប៊ុល កាលពីសប្តាហ៍មុន ដោយចោទប្រកាន់រដ្ឋាភិបាលរបស់លោកពីការបន្តនាំចេញប្រេងទៅកាន់ប្រទេសអ៊ីស្រាអែល ទោះបីជាមានការហាមឃាត់ជាសាធារណៈក៏ដោយ។

ហេតុការណ៍នេះ បានកើតឡើងក្នុងអំឡុងពេលថ្លែងសុន្ទរកថាតាមទូរទស្សន៍របស់លោក Erdogan នៅវេទិកាមួយកាលពីថ្ងៃសុក្រសប្តាហ៍មុន ដែលក្រុមអ្នកតវ៉ាបាននិយាយថា រដ្ឋាភិបាលពុំបានប្រកាន់ខ្ជាប់វោហាសាស្ត្រគាំទ្រប៉ាឡេស្ទីនរបស់ខ្លួន។

ក្រុមអ្នកតវ៉ា បានស្រែកពាក្យស្លោកដូចជា «នាវាកំពុងដឹកគ្រាប់បែកទៅកាន់តំបន់ហ្កាហ្សា» និងពាក្យថា «បញ្ឈប់ ការបញ្ឆេះអំពើប្រល័យពូជសាសន៍»។ លោក Erdogan បានឆ្លើយតបយ៉ាងខ្លាំងៗ ចំពោះរឿងនេះ។
នគរបាល បានឲ្យបាតុករចាកចេញពីព្រឹត្តិការណ៍ ហើយរដ្ឋអាជ្ញាបានចោទប្រកាន់ពួកគេពីបទរិះគន់ប្រធានាធិបតី និងចូលរួមក្នុងការតវ៉ាដោយខុសច្បាប់។
ប្រធានការិយាល័យរដ្ឋអាជ្ញាសាធារណៈទីក្រុងអ៊ីស្តង់ប៊ុល បាននិយាយថា ក្រុមនេះបានសម្របសម្រួលសកម្មភាពទាំងក្នុងនិងក្រៅទីតាំង និងបានស្វែងរកការឃុំខ្លួនពួកគេសម្រាប់ការចេញសាលក្រមស្ថាពរ។
ការចាប់ខ្លួននេះ បានធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំងពីអ្នកនយោបាយគណបក្សប្រឆាំង និងអ្នកតស៊ូមតិសិទ្ធិមនុស្ស។ លោក Ozgur Ozel មេដឹកនាំគណបក្សសាធារណៈរដ្ឋ ជាគណបក្សប្រឆាំងធំ (CHP) បានរិះគន់ការឃុំខ្លួននេះថាជាការធ្វើឲ្យប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យ។