ក្រុមអង្គការសិទ្ធិមនុស្សក្នុងតំបន់បាននិយាយនៅថ្ងៃអង្គារ (០៣ ធ្នូ) ថា មនុស្សប្រហែល ១៣៥នាក់ បានស្លាប់នៅក្នុងហេតុការណ៍រត់ជាន់គ្នានៅឯកីឡដ្ឋានបាល់ទាត់មួយនៅភាគអាគ្នេយ៍ប្រទេសហ្គីណេ កាលពីថ្ងៃអាទិត្យ ដែលច្រើនជាងចំនួនអ្នកស្លាប់ផ្លូវការចំនួន ៥៦នាក់។

ការសម្រេចចិត្តដ៏ចម្រូងចម្រាស់របស់អាជ្ញាកណ្តាល បានបង្កឱ្យមានអំពើហិង្សាលើហ្វូងមនុស្ស និងការបាញ់ឧស្ម័នបង្ហូរទឹកភ្នែកពីនគរបាលក្នុងអំឡុងពេលការប្រកួតបាល់ទាត់នៅទីក្រុង Nzerekore ដែលនាំឱ្យមានការប្រជ្រៀតទង្គិចគ្នាដ៏តានតឹង ខណៈអ្នកទស្សនាព្យាយាមរត់គេចខ្លួនពីហិង្សា។

ក្រុមសិទ្ធិមនុស្សក្នុងតំបន់ Nzerekore បាននិយាយកាលពីថ្ងៃអង្គារថា ការប៉ាន់ប្រមាណដ៏ខ្ពស់របស់ខ្លួននេះគឺផ្អែកលើព័ត៌មានពីមន្ទីរពេទ្យ ទីតម្កល់សព សាក្សីនៅកីឡដ្ឋាន គ្រួសារជនរងគ្រោះ វិហារអ៊ីស្លាម ព្រះវិហារ និងសារព័ត៌មានក្នុងស្រុក។

ក្រុមនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "ឥឡូវនេះយើងប៉ាន់ស្មានថាមនុស្ស ១៣៥នាក់បានស្លាប់នៅកីឡដ្ឋាននេះ ភាគច្រើនជាកុមារអាយុក្រោម ១៨ឆ្នាំ" ដោយបន្ថែមថាមនុស្សជាង ៥០នាក់នៅតែបាត់ខ្លួន។ រដ្ឋាភិបាល ដែលបានសន្យាកាលពីថ្ងៃចន្ទថាបើកការស៊ើបអង្កេតលើឧបទ្ទវហេតុនេះ មិនបានឆ្លើយតបនឹងសេចក្តីថ្លែងការណ៍របស់ក្រុមនេះទេ៕